Social Network

តាមពិតអនុប្រធានាធិបតី​អាមេរិក «បានត្រៀមជួបគណៈប្រតិភូកូរ៉េខាងជើងទៅហើយ» តែកូរ៉េខាងជើង​បាន​លុបចោលជំនួប នៅនាទីចុង​ក្រោយ...

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ក្នុងនោះរួមមានទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន នៅអំឡុងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំ ពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើងបែរជាលុបចោលជំនួបនៅនាទីចុងក្រោយ។

នេះបើតាមមន្ត្រីអាមេរិកដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារ ប្រធានការិយាល័យរបស់លោក Pence លោក នីក អាយឺស៍ (Nick Ayers) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើង ដំបូងឡើយមានបំណងជួបចរចាដោយសង្ឃឹមថា លោកអនុប្រធានាធិបតី អាចនឹងបន្ធូរបន្ថយសារព្រមានទីក្រុងព្យុងយ៉ាង... ប៉ុន្តែបន្ទាប់ពីលោក Pence ថ្កោលទោសកូរ៉េខាងជើង ជុំវិញការរំលោភសិទ្ធិមនុស្ស ក៏ដូចជាប្រកាសពីគំរោងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ក្រុមមន្ត្រីកូរ៉េខាងជើង បានដើរចេញពីកិច្ចប្រជុំ និងគ្មានភាព ស្មោះត្រង់អង្គុយចរចាគ្នាឡើយ»។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Washington Post លោក Mike Pence មានគំរោងជួបជាមួយប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ព្រមទាំងប្រធានសភាកូរ៉េខាងជើង លោក គីម យុងណាំ នៅអំឡុងចូលរួមពិធីបើកព្រឹត្តិ ការណ៍កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង។

ប៉ុន្តែកូរ៉េខាងជើងស្រាប់តែលុបចោលជំនួបកាលពីថ្ងៃទី១០ ខែកុម្ភៈ តែពីរម៉ោងប៉ុណ្ណោះមុននឹងជំនួបត្រូវចាប់ផ្ដើម៕

ដកស្រង់ពី៖ Fresh News