Social Network

ដូណាល់ ត្រាំ៖ ទោះបីយើង​ព្រម​ទទួលយក​ការ​អញ្ជើញពី លោក គីម ជុងអ៊ុន តែទណ្ឌកម្ម​នៅតែត្រូវអនុវត្តន៍ រហូតដល់​មានកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ! ​

(វ៉ាស៊ីនតោន)៖ បេសកជនពិសេសកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយាថា  ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមទទួលយកការអញ្ជើញ ហើយថានឹងព្រមជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភាខាងមុខនេះ។

ប៉ុន្តែលោក ត្រាំ បានអះអាងថា ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង នៅតែបន្តអនុវត្តជានិច្ច  រហូតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុង សហរដ្ឋអាមេរិក កាលពី ថ្ងៃព្រហស្បតិ៍ លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) លើកឡើងដូច្នេះថា «មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ ក៏ដូចជាបញ្ឈប់រាល់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ  និងមីស៊ីល... ដូច្នេះ លោកប្រធានាធិបតីអាមេរិក បានយល់ព្រមទទួលយកការអញ្ជើញ ហើយថានឹងព្រមជួបជាមួយ មេដឹកនាំកូរ៉េខាងជើង នៅខែឧសភា»។

ក៏ប៉ុន្តែទន្ទឹមគ្នា ក៏បានបញ្ជាក់ដែរថា ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង នៅតែបន្តអនុវត្តជានិច្ ចរហូតឈាន ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា បើតាមលោក ជុង អ៊ុយយ៉ុង កូរ៉េខាងត្បូង និងកូរ៉េខាងជើង  បានព្រមព្រៀងគ្នាថានឹងជួបគ្នាជាលើកទី០៣ នៅខែមេសាខាងមុខនេះ នៅភូមិ Panmunjom  តែប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បញ្ជាក់គោលជំហរថានឹង មិនយកការបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីជាថ្នូរ បានជួបចរចាជាមួយទីក្រុងព្យុងយ៉ាង នោះឡើយ៕

ដកស្រង់ពី៖ Fresh News