Social Network

នាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ ក្រោយអតីតចារកិច្ចរុស្ស៊ីម្នាក់ត្រូវគេបំពុល

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅថ្ងៃពុធនេះ បានប្រកាសថា  រដ្ឋាភិបាលអង់គ្លេស នឹងបណ្ដេញមន្ត្រីទូតរុស្ស៊ី២៣នាក់ ចេញពីប្រទេស  បន្ទាប់ពីអតីតចារកិច្ចរុស្ស៊ីម្នាក់ ត្រូវបានគេបំពុលសម្លាប់ នៅលើទឹកដីអង់គ្លេស។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៤ ខែមីនា ឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ  ចក្រភពអង់គ្លេស ក៏បានស្នើផងដែរ ឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំជាបន្ទាន់មួយ  ដើម្បីពិភាក្សាជុំវិញសំណុំរឿង ដែលទីក្រុងឡុងដ៍ ចោទប្រកាន់រុស្ស៊ីថា  ជាអ្នកនៅពីក្រោយ ការបំពុលសម្លាប់អតីតចារកិច្ច រុស្ស៊ី និង កូនស្រីរបស់គាត់។

ការស្នើឱ្យបើកកិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី មិនបានផ្ដល់ការបកស្រាយថា  តើហេតុអ្វីបានជា សារធាតុពុលផលិត ដោយរុស្ស៊ី ត្រូវបានប្រើប្រាស់ដើម្បីបំពុលសម្លាប់ អតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និង កូនស្រីរបស់លោកឈ្មោះ Yulia នៅក្នុងទីក្រុង Salisbury នៃទឹកដីអង់គ្លេស។

លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានដាក់ឱសានវាទ ឱ្យទីក្រុងម៉ូស្គូ  ធ្វើការបកស្រាយ ត្រឹមពាក់កណ្ដាលយប់ ថ្ងៃអង្គារម្សិលមិញ។ ដោយឡែកជុំវិញសំណុំរឿង ដ៏ចម្រូងចម្រាស់នេះដែរ ក្រុមមន្ត្រី UN បានឱ្យដឹងថា ចក្រភពអង់គ្លេស បានស្នើឱ្យក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ  បើកកិច្ចប្រជុំជាបន្ទាន់មួយក្នុង ថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្នុងគោលបំណងប្រាប់ពីករណី រុស្ស៊ីលួចបំពុលសម្លាប់ អតីតចារកម្មរបស់ខ្លួន នៅលើទឹកដីអង់គ្លេស។

គួររំលឹកថា លោក Sergei Skripal និង កូនស្រីរបស់លោកឈ្មោះ Yulia ត្រូវបានគេលួចបំពេលសម្លាប់ នៅក្នុងទីក្រុង Salisbury កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយរហូតមក ទល់ពេលនេះ អ្នកទាំងពីរ នៅតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ៕

ដកស្រង់ពី៖ Fresh News