Social Network

វែបសាយ​​តាមដាន​រឿង​សម្ងាត់​​កូរ៉េខាងជើង៖ «ទីតាំង​ធ្វើតេស្តនុយក្លេអ៊ែរ​កូរ៉េខាងជើង Punggye-ri មិនទាន់​គាំង​ដំណើរការ ដូចការ​អះអាង​នោះ​ទេ...» ​

  (វ៉ាស៊ីនតោន)៖ គេហទំព័រឃ្លាំមើលសកម្មភាព និងរឿងសម្ងាត់កូរ៉េខាងជើង របស់សហរដ្ឋអាមេរិក 38 North បានអះអាងថា ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង  នៅតែអាចធ្វើប្រតិបត្តិការ  បានយ៉ាងពេញលេញ ហើយដែលនេះគឺផ្ទុយទាំងស្រុង ទៅនឹងសេចក្ដីរាយការណ៍ថា  ទីតាំងធ្វើតេស្ដនេះជិតរលំ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សេចក្ដីរាយការណ៍ ជាច្រើនបានឱ្យដឹងថា  កូរ៉េខាងជើង បានសម្រេចចិត្ត បិទទីតាំងធ្វើតេស្ដនុយក្លេអ៊ែរ មួយរបស់ខ្លួន  ដោយសារតែ វាមិនអាចប្រើប្រាស់ បានតទៅទៀត។

ក៏ប៉ុន្តែបើតាម 38 North ទីតាំងសាកល្បងនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) ស្ថិតនៅភាគឦសាន នៃប្រទេសកូរ៉េខាងជើង នៅតែអាចធ្វើប្រតិបត្តិការបាន យ៉ាងពេញលេញនៅពេលចាំបាច់។ វែបសាយ 38 North បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង  ជាទីដែលទីក្រុងព្យុងយ៉ាង បានដឹកនាំការសាកល្បង អាវុធនុយក្លេអ៊ែរជាលើកទី ៦ នៅតែអាចប្រតិបត្តិការ បានយ៉ាងពេញលេញ»។

គេហទំព័រមួយនេះបន្ថែមថា កូរ៉េខាងជើង ហាក់ដូចជាបានបោះបង់ចោល  ទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅតំបន់ភាគខាងជើង បន្ទាប់ពីការសាកល្បង អាវុធនុយក្លេអ៊ែរជាលើកទី ៦ កាលពីខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែផ្លូវរូងក្រោមដីថ្មីមួយ ត្រូវបានគេប្រទះឃើញ នៅតំបន់ភាគខាងលិចនៃទីតាំង Punggye-ri កាលពីដើមខែមីនាកន្លងទៅ។

គួរបញ្ជាក់ថា មុនជំនួបកំពូលជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះ  និង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅខែឧសភា ឬនៅដើមខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បានប្រកាសថាទីក្រុងព្យុងយ៉ាង នឹង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង  ក៏ដូចជាបិទទីតាំងសាកល្បង អាវុធនុយក្លេអ៊ែរ របស់ខ្លួនមួយកន្លែងផងដែរ។

យ៉ាងណាក៏ដោយ បើគេចាំមិនភ្លេច កាលពីជំនាន់ឪពុកលោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ក៏ធ្លាប់បានសន្យាដូចគ្នានេះដែរ តែនៅទីបញ្ចប់ របបដឹកនាំកុម្មុយនិស្ដមួយនេះ  រឹតតែបង្កើនការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាបន្តបន្ទាប់។

ជាងនេះទៅទៀត ក្រុមអ្នកជំនាញមួយចំនួនយល់ថា ការប្រកាសរបស់លោក គីម ជុងអ៊ុន បញ្ជាក់ថា កូរ៉េខាងជើង បានចាត់ទុកខ្លួនឯង ជារដ្ឋនុយក្លេអ៊ែរទៅហើយ  ពោលគឺនិយាយឱ្យចំ  មានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃទៅហើយ បច្ចុប្បន្នគឺជាពេលដែលកូរ៉េខាងជើង ត្រូវប្រឹងប្រែងធ្វើយ៉ាងណា ស្ដារសេដ្ឋកិច្ចវិញម្ដង និង គេចចេញពីទណ្ឌកម្មរបស់អន្តរជាតិ៕

ដកស្រង់ពី៖ Fresh News