Social Network

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គឺនហេ «ត្រូវ​បញ្ជូន​ទៅមន្ទីរ​ពេទ្យជាបន្ទាន់» ក្រោយមាន​ការឈឺចាប់​រាងកាយ​យ៉ាង​ខ្លាំង​...

(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលជាប់ពន្ធនាគារ ដោយសារការប្រព្រឹត្ត អំពើពុករលួយ  និងបទចោទប្រកាន់ ដទៃទៀតនោះ ត្រូវបានអនុញ្ញាត ឲ្យទៅកាន់មន្ទីរពេទ្យមួយកន្លែង នាថ្ងៃពុធនេះ ដើម្បីពិនិត្យព្យាបាលអាការៈឈឺចាប់ នៅផ្នែកខ្នងរបស់លោកស្រី។

នេះបើតាមប្រភព ពីអាជ្ញាធរកូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។ បើតាមប្រភពខាងលើ យានជំនិះមួយគ្រឿងដែលដឹកលោកស្រី ផាក បានធ្វើដំណើរមកដល់ មន្ទីរពេទ្យមួយកន្លែង ដែលស្ថិតនៅក្នុងសង្កាត់ សឿចូ (Seocho) ភាគខាងត្បូង ទីក្រុងសេអ៊ូល នាព្រឹកថ្ងៃពុធនេះ។

អតីតមេដឹកនាំ កូរ៉េខាងត្បូងរូបនេះ នាពេលកន្លងទៅ ក៏ធ្លាប់បានទៅមន្ទីរពេទ្យ ប៉ុន្មានលើកផងដែរ គិតចាប់តាំងពីលោកស្រី ត្រូវបានគេឃុំខ្លួនមក។ កាលពីខែកក្កដាឆ្នាំទៅ លោកស្រី ផាក គឺនហេ បានទទួលការព្យាបាល របួសម្រាមជើង ដែលលោកស្រីបានទទួលរង ពេលស្ថិតនៅក្នុងកន្លែងឃុំឃាំង។ ក្រៅពីនេះលោកស្រី ផាក ក៏ទទួលបានការអនុញ្ញាត ឲ្យធ្វើដំណើរទៅកាន់មន្ទីរពេទ្យ កាលពីខែសីហា និងវិច្ឆិកា ឆ្នាំ២០១៧ ថែមទៀតផង  សម្រាប់ការពិនិត្យមើល អាការៈឈឺចាប់នៅហ្នឹងខ្នង ព្រមទាំងពោះរបស់លោកស្រី រួមជាមួយការធ្វើតេស្តឯទៀតៗ។

គួរជម្រាបថា កាលពីខែមេសាកន្លងទៅ លោកស្រី ផាក គឺនហេ មានវ័យ ៦៦ឆ្នាំ ត្រូវបានតុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ សម្រាប់រយៈពេល  ២៤ឆ្នាំ បន្ទាប់ពីរឿងអាស្រូវពុករលួយ និងការប្រើប្រាស់អំណាចក្នុងផ្លូវខុស បានផ្ទុះឡើងកក្រើក ប្រទេសអាស៊ីខាងកើតមួយនេះ  រហូតបណ្តាលឲ្យលោកស្រី ត្រូវបានគេដកចេញ ពីមុខតំណែងតែម្តង កាលពីអំឡុងដើមឆ្នាំមុន៕

ដកស្រង់ពី៖ Fresh News