Social Network

មានការរំពឹងថា រដ្ឋមន្ត្រីការ​បរទេស​អាមេរិក នឹងត្រឡប់​មកវិញជាមួយជនជាតិ​អាមេរិក​បីនាក់ ដែល​កូរ៉េខាងជើងចាប់ឃុំឃាំង...

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរំពឹងថា  នឹងត្រឡប់មកពីកូរ៉េខាងជើងវិញ ជាមួយពលរដ្ឋអាមេរិកកាំងបីនាក់ ដែលកំពុងជាប់ឃុំនៅកូរ៉េខាងជើង ព្រមទាំងព័ត៌មានលម្អិត ជុំវិញជំនួបកំពូងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

នេះបើតាមមន្ត្រីកូរ៉េខាងត្បូងម្នាក់ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។ យោងតាមមន្ត្រីកូរ៉េខាងត្បូងដដែល ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក ប៉ុមប៉េអូ បានធ្វើដំណើរទៅដល់កូរ៉េខាងជើង នៅថ្ងៃពុធនេះ ដោយធ្វើដំណើរ ចាកចេញពីប្រទេសជប៉ុន ហើយបានឆ្ពោះបន្តទៅកាន់សណ្ឋាគារ Koryo Hotel ក្នុងទីក្រុងព្យុងយ៉ាង ដើម្បី ពិភាក្សាការងារជាមួយ ក្រុមមន្ត្រីកូរ៉េខាងជើង។

លើសពីនេះទៅទៀត មន្ត្រីរូបនេះបានបញ្ជាក់បន្ថែមថា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ  នឹងបញ្ជាក់កាលបរិច្ឆេទ សម្រាប់ជំនួបកំពូល អាមេរិក-កូរ៉េខាងជើង ព្រមទាំងធានាការដោះលែង អ្នកទោសអាមេរិកបីនាក់ផងដែរ។«បើសិនជាអ្នកទោសអាមេរិកទាំងបីនាក់ ត្រូវបានដោះលែង  នោះវានឹងក្លាយ ជារឿងដ៏អស្ចារ្យ... យើងនឹងជជែកគ្នា ពីបញ្ហានេះនៅថ្ងៃនេះ ហើយខ្ញុំគិតថា វានឹងក្លាយជាកាយវិការមួយ ដ៏អស្ចារ្យ នៅក្នុងករណីដែល ពួកគេចង់ធ្វើបែបនោះមែន»។ នេះបើតាមលោក ប៉ុមប៉េអូ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ក្រុងព្យុងយ៉ាង បើទោះជាលោកផ្ទាល់ មិនទាន់ទទួលបានការប្ដេជ្ញាចិត្តណាមួយ  ពីកូរ៉េខាងជើងក៏ដោយ។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកទាំងបីនាក់ ដែលកំពុងជាប់ឃុំ នៅកូរ៉េខាងជើង ពីបទចារកម្ម និងធ្វើសកម្មភាព ប្រឆាំងរដ្ឋអំណាចមាន ដូចជាលោក គីម ដុងចុល (Kim Dong-chul), លោក គីម សាងឌុក (Kim Sang-duk) និងលោក គីម ហាក់សុង (Kim Hak-song)។ ប៉ុន្តែ កាលពីសប្ដាហ៍មុន សកម្មជនកូរ៉េខាងត្បូងម្នាក់  បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងស្រុកថា អ្នកទាំងបីនាក់នេះ ត្រូវបានគេផ្ទេរពីពន្ធនាគារ ទៅកាន់សណ្ឋាគារមួយកន្លែងស្ថិត នៅក្បែរទីក្រុងព្យុងយ៉ាង ហើយដែលនេះ គឺជាកាយវិការមួយ ត្រូវបានគេរំពឹងថា ទីក្រុងព្យុងយ៉ាង អាចនឹងដោះលែងពួកគេ ឱ្យមានសេរីភាពវិញ នៅមុនជំនួបរវាងលោក ត្រាំ និងលោក គីម៕

ដកស្រង់ពី៖ Fresh News