Social Network

ឥណ្ឌូណេស៊ី៖ ក្រុមអ្នកទោសជាភេរវករជាង ១៥០នាក់ ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយផ្ទុះ​ជម្លោះ​បែកផ្សែងក្នុងពន្ធនាគារ...

  (ហ្សាកាតា)៖ មន្ត្រីជាន់ខ្ពស់ ឥណ្ឌូណេស៊ីម្នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោសជាភេរវករជាច្រើននាក់ បានសម្រេចចិត្តប្រគល់ខ្លួន  បន្ទាប់ពីបានបាញ់ តបតជាមួយប៉ូលិស នៅក្នុងពន្ធនាគារមួយកន្លែង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។ យោងតាម លោក ស៊ីយ៉ាហ្វ្រូដឌីន (Syafruddin) ស្នងការរងប៉ូលិសឥណ្ឌូណេស៊ី ការផ្ទុះមួយដែលបានកើតឡើង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង រក្សាស្ថេរភាពរបស់ប៉ូលិស។ «យើងកំពុងគ្រប់គ្រង ស្ថានភាពឡើងវិញ»។

នេះជាការគូសបញ្ជាក់របស់ លោក Syafruddin ដោយបន្ថែមថា អ្នកទោសជាភេរវករសរុប ១៥៦នាក់ ត្រូវបានចោទប្រកាន់ថា  បានចូលរួមក្នុងការប៉ះទង្គិចគ្នា ជាមួយប៉ូលិស ហើយភាគច្រើន ក្នុងចំណោមពួកគេ យល់ព្រមប្រគល់ខ្លួន និងត្រូវបានផ្ទេរទៅកាន់ពន្ធនាគារផ្សេង ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា បើតាមប្រភពពីស៊ីនហួរ សំឡេងផ្ទុះដ៏ខ្លាំងចំនួន ០៤លើក បានកើតឡើង ក្រោយពីមានស្នូរគ្រាប់កាំភ្លើង ជាច្រើនគ្រាប់  នៅក្នុងបរិវេណពន្ធនាគារមួយកន្លែង ដែលមិនទាន់ត្រូវបាន គេបញ្ជាក់ឈ្មោះនៅឡើយទេ ខណៈចំនួនអ្នកស្លាប់ ឬរងរបួសក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ៕

ដកស្រង់ពី៖ Fresh News