សហរដ្ឋអាមេរិកចេញមុខ «រារាំងការស៊ើបអង្កេតដោយ UN លើអំពើហិង្សាសម្លាប់ជនជាតិប៉ាឡេស្ទីន៥៩នាក់» ក្នុងព្រំដែនជម្លោះហ្គាហ្សា-អ៊ីស្រាអែល!
- Details
- Category: International News
(យូអិន)៖ សហរដ្ឋអាមេរិក បានសម្រេចរារាំង ការអនុម័ត នៃសេចក្តីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលមានបំណង អំពាវនាវឲ្យបើក ការស៊ើបអង្កេតឯករាជ្យមួយ ទៅលើអំពើហិង្សា ដ៏មហាប្រល័យ នៅតំបន់ព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា។
នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមមន្រ្តីទូត UN ដកស្រង់ដោយ ទីភ្នាក់ងារបារាំង AFP នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍ខាងលើ បានសម្តែងការខឹងសម្បារ និងការសោកស្តាយរបស់ខ្លួន ចំពោះការសម្លាប់ អាយុជីវិតជនស៊ីវិល ប៉ាឡេស្ទីន ដែលព្យាយាមប្រើប្រាស់ សិទ្ធិរបស់ពួកគេ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី។
បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ក៏បានអំពាវនា វឲ្យមានការស៊ើបអង្កេត ប្រកបដោយឯករាជ្យភាព និង តម្លាភាព ទៅលើទង្វើ ទាំងនេះផងដែរ ដើម្បីធានាឲ្យបាន នូវការទទួលខុសត្រូវ។
គួរជម្រាបថា នៅក្នុងការផ្ទុះអំពើហិង្សា យ៉ាងព្រៃផ្សៃ រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ស្របពេលដែលស្ថានទូតអាមេរិកថ្មី នៅទីក្រុងហ្សេរុយសាឡឹម ត្រូវបានបើកសម្ពោធនោះ ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥៩នាក់ បានស្លាប់ និងជិត ៣,០០០នាក់ បានទទួលរងរបួស៕
ដកស្រង់ពី៖ Fresh News