Social Network

លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ នឹងចាក​ចេញពីទឹកដីសិង្ហបុរី​នៅយប់​ថ្ងៃអង្គារ​នេះ!

  (សិង្ហបុរី)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីរបស់លោក នឹងចាកចេញពីប្រទេសសិង្ហបុរី  ត្រឡប់ទៅកាន់ ទីក្រុងព្យុងយ៉ាងវិញ នៅចន្លោះពីម៉ោង ០៩៖០០នាទីយប់ (ម៉ោងនៅសិង្ហបុរី) ឬក៏ពាក់កណ្ដាលយប់នេះ  បន្ទាប់ពីចូលរួម ក្នុងជំនួបកំពូល ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Straitstimes នៅល្ងាចថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់សិង្ហបុរី កាលពីថ្ងៃអាទិត្យកន្លងទៅ។

អ្នកទាំងពីរបានជួបពិភាក្សាគ្នា ជាប្រវត្តិសាស្ត្រនៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅសិង្ហបុរី ឬត្រូវនឹងម៉ោង ៨៖០០នាទីនៅកម្ពុជា) ដោយក្នុងនោះ កិច្ចពិភាក្សាលើកទី ១ មេដឹកនាំទាំងពីរបានធ្វើការស្វាគមន៍គ្នា ទៅវិញទៅមក ក្នុងវេទិកា និងពិភាក្សាគ្នាជាទូទៅ ដោយបានចំណាយពេលជាង ៤០នាទី ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំតង់ទី ២ មានរយៈពេល ៩០នាទី នៅសណ្ឋាគារ Capella នៃកោះ Sentosa មុននឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ ក្នុងនោះមានទំាងការប្ដេជ្ញាចិត្ តលុបបំបាត់អាវុធនុយក្លេអ៊ែរ  និងការសន្យា ការពារសន្ដិសុខ ដល់កូរ៉េខាងជើង។

គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងចាកចេញពីប្រទេសសិង្ហបុរី ត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ  តាមយន្ដហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍ Air China ដែលរៀបចំឡើងដោយ រដ្ឋាភិបាលទីក្រុងប៉េកាំង។ ចំណែកឯលោក ដូណាល់ ត្រាំ វិញនឹងចាកចេញទៅ សហរដ្ឋអាមេរិកនៅម៉ោង ០៧៖០០នាទីយប់នេះ (ត្រូវហ្នឹងម៉ោង ៦៖០០នាទីម៉ោងកម្ពុជា)៕

ដកស្រង់ពី៖ Fresh News