Social Network

ផ្ទុះករណីបាញ់​ប្រហារគ្នាយ៉ាងក្តៅ​គគុក ទៅលើទីស្នាក់ការកាសែតមួយ​នៅសហរដ្ឋអាមេរិក «ផ្តាច់ជីវិតមនុស្ស០៥នាក់ និង០៣នាក់រងរបួស»

(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានឱ្យដឹងថា មនុស្ស ០៥នាក់ ត្រូវបានសម្លាប់នៅល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) នៅក្នុងហេតុការណ៍ បាញ់ប្រហារមួយ នៅឯទីស្នាក់ការសារព័ត៌មាន កាសែតកាពីតូល (Capital Gazette) ក្នុងទីក្រុង អាន់ណាប៉ូលីស (Annapolis) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។ យោងតាមប៉ូលិសអាមេរិក  មនុស្ស០៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ រីឯជនសង្ស័យស្បែកសម្នាក់ មានអាយុប្រហែល ៣០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួន ហើយមនុស្សជាង ១៧០នាក់ ត្រូវបានគេជម្លៀសចេញ ពីអគារស្នាក់ការកាសែតខាងលើ ទៅកាន់កន្លែងមួយសុវត្ថិភាព។

ប៉ុន្តែភ្លាមៗ មិនទាន់មានការអះអាងណាមួយ ពាក់ព័ន្ធនឹងមូលហេតុ នៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ  ដោយគ្រាន់តែប៉ូលិស បញ្ជាក់ថា ការបាញ់ប្រហារនេះ គឺជាការវាយប្រហារ មានគោលដៅច្បាស់លាស់ ដោយមានសារព្រមានមួយ ផ្ញើទៅកាសែត Capital Gazette មុនករណីបាញ់ប្រហារនេះ កើតឡើង។

គួរបញ្ជាក់ថា នៅពេលត្រូវចាប់ខ្លួន ជនសង្ស័យបានបដិសេធ សហការជាមួយអាជ្ញាធរ ដោយរូបគេបានបំផ្លាញម្រាមដៃរបស់ខ្លួន  ដើម្បីគេចវេស ពីការបញ្ជាក់អត្តសញ្ញាណ ខណៈប៉ូលិសជឿជាក់ថា ជនសង្ស័យរូបនេះ ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកឯ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចូលរួមសម្ដែងមរណៈទុក្ខដល់ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផងដែរ៕

ដកស្រង់ពី៖ Fresh News