Social Network

អាមេរិក​ប្រើកណ្តាប់​ដៃដែក​ដោយ «គ្រោង​តម្លើងពន្ធ​២០០​ពាន់លាន​ដុល្លារ» បន្ថែម​លើទំនិញនាំ​ចូល​ពីមហាយក្ស​ចិន!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានដុតភ្នក់ភ្លើង សង្រ្គាមពាណិជ្ជកម្ម របស់ខ្លួនជាមួយចិន ឲ្យកាន់តែកញ្ជ្រោលឡើង  តាមរយៈការប្រកាស ពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិន ដែលមានទំហំទឹកប្រាក់ជាង ២០០ពាន់លានដុល្លារ  យ៉ាងយូរ នៅត្រឹមខែកញ្ញា ខាងមុខនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។ ការប្រកាសពីគំរោង តម្លើងពន្ធនេះ  កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី មហាយក្សសេដ្ឋកិច្ចទាំងពីរតម្លើងពន្ធ ៣៤ពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក  និងក្រោយពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងតម្លើងពន្ធ បន្ថែមប្រឆាំងនឹងចិន  បើសិនជា ទីក្រុងប៉េកាំង ចាត់វិធានការសងសឹក។

គួរបញ្ជាក់ថា បើតាមសេតវិមាន ការតម្លើងពន្ធ ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតប ទៅនឹងការធ្វើការពាណិជ្ជកម្ម មិនស្មើភាពរបស់ចិន ហើយវានឹងត្រូវអនុវត្តន៍ លើផលិតនាំចូលពីចិន ច្រើនជាង ៦,០០០មុខ ក្នុងនោះរួមមានផលិតផល ចំណីអាហារ រ៉ែ និងរបស់របរប្រើប្រាស់ ដូចជាកាបូបយួរដៃជាច្រើន។

ចំណែកឯ បណ្ដាក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក នឹងមានពេលរហូតដល់ខែសីហា ដើម្បីតវ៉ាមុននឹងការតម្លើងពន្ធនេះចូលជាធរមាន៕

ដកស្រង់ពី៖ Fresh News