Social Network

អ៊ីរ៉ង់​ចេញមុខព្រមាន​អង្គការ​ប្រេង OPEC ពាក់ព័ន្ធ​នឹងការល្មើស​គោលការណ៍​ផលិតប្រេង​...

(តេហេរ៉ង់)៖ រដ្ឋមន្រ្តីប្រេងនៃប្រទេសអ៊ីរ៉ង់ លោក ប៊ីហ្សាន ណាំដារ ហ្សាហ្គាណេហ៍ (Bijan Namdar Zanganeh) បានឲ្យលើកឡើងថា  អង្គការប្រេង OPEC នឹងទទួលរង ផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសមាជិកខ្លួន នៅតែបន្តមិនគោរពតាមការប្តេជ្ញា  ដែលពាក់ព័ន្ធនឹងទិន្នផលប្រេង។

នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។ បើតាមលិខិតរបស់លោក Zanganeh ផ្ញើជូនទៅកាន់ប្រធានអង្គការ OPEC បានឲ្យដឹងថា ការសម្រេចធ្វើឡើង នៅក្នុងសន្និសីទ OPEC លើកទី ១៧៤ ពុំបានផ្តល់សិទ្ធិ ឲ្យប្រទេសនានា ជាសមាជិកផលិតប្រេង លើសពីចំនួនកូតា ដែលបានកំណត់នោះឡើយ  ប៉ុន្តែផ្ទុយទៅវិញ បើតាមរបាយការណ៍ ប្រចាំខែចុងក្រោយបំផុតរបស់ OPEC កម្រិតផលិតកម្ម នៃសមាជិកមួយចំនួន នៅខែមិថុនា ឆ្នាំ២០០៨ មានចំនួនលើសឆ្ងាយ ពីកម្រិតដែលបានព្រមព្រៀងគ្នា។

ដូច្នេះហើយនេះ គឺជាការបំពានលើការប្តេជ្ញា របស់ប្រទេសទាំងនោះ។ គួរជម្រាបថា ក្រសួងការបរទេសអាមេរិក  កាលពីខែមិថុនា បានប្រកាសថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញ ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ឈប់ការនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ នៅខែវិច្ឆិកាខាងមុខ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យអារ៉ាប៊ីសាអូឌីត បង្កើនប្រេងសម្រាប់នាំចេញរបស់ខ្លួន  ដើម្បីត្រៀម សម្រាប់ការខ្វះខាត ក្នុងតម្រូវការទីផ្សារ ចំពោះករណីដែល ការនាំចេញប្រេងឆៅអ៊ីរ៉ង់មានការធ្លាក់ចុះ៕

ដកស្រង់ពី៖ Fresh News