Social Network

ប្រធានាធិបតីចិនព្រលយមួយឃ្លា៖ «ភាគីចូលរួម​ក្នុងសង្គ្រាម​ពាណិជ្ជកម្ម នឹងត្រូវ​ទទួលបរាជ័យ​ទាំងអស់​»

  (អាហ្រិ្វកខាងត្បូង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ភាគីជម្លោះទាំងអស់ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម  នឹងត្រូវទទួល ភាពបរាជ័យទាំងអស់គ្នា។

ការកត់សម្គាល់បែបនេះ របស់លោក ស៊ី ធ្វើឡើងនាឱកាស ចូលរួមក្នុងកិច្ចប្រជុំ BRICS នៅឯប្រទេសអាហ្វ្រិកខាងត្បូង  នៅថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ BRICS ក្នុងទីក្រុង ចូហាន់ណែសប៊ឺក (Johannesburg) ប្រទេសអាហ្រ្វិកខាងត្បូងលោក ស៊ី ជិនពីង បានលើកឡើង ដូច្នេះថា «សង្រ្គាមពាណិជ្ជកម្ម គួរតែត្រូវបានបដិសេធ ព្រោះថា គ្មាននរណាម្នាក់ នឹងឈ្នះនៅក្នុងសង្រ្គាមនេះទេ... សកម្មភាពជាឯកតោភាគី និង គាំពារនិយមកំពុងកើនឡើង ហើយវានឹងបំផ្លាញដល់ របបពាណិជ្ជកម្មពុហភាគី»។

បន្ថែមពីលើនេះ ដោយមិនបានបញ្ជាក់ចំឈ្មោះ សហរដ្ឋអាមេរិក ប្រធានាធិបតីចិនរូបនេះ ថែមទាំងបានអះអាងទៀតថា  ពិភពលោកបច្ចុប្បន្ន កំពុងប្រឈមមុខនឹង ជម្រើសពីរនោះគឺ កិច្ចសហប្រតិបត្តិការ និង ការប្រឈមមុខដាក់គ្នា។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ BRICS ដែលមានប្រទេស ចំនួនប្រាំចូលរួមដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្រ្វិកខាងត្បូង បានចាប់ផ្ដើមឡើង ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា នៅក្នុងទីក្រុងចូហាស់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង៕

ដកស្រង់ពី៖ Fresh News