Social Network

ធ្លាក់យន្តហោះចម្បាំង​-ទម្លាក់​គ្រាប់បែក​នៅ​​វៀតណាម «ផ្តាច់​ជីវិត​ពីឡុត​ទាំងពីរនាក់»

  (ហាណូយ)៖ យន្តហោះប្រភេទចម្បាំង និង ទម្លាក់គ្រាប់បែកធុន Sukhoi Su-22 បានធ្លាក់ នៅខេត្តង៉េអាន (Nghe) An ភាគកណ្តាល ប្រទេសវៀតណាម នារសៀលថ្ងៃព្រហស្បតិ៍នេះ ដែលបានឆក់យកជីវិត អាកាសយានិកទាំងពីរនាក់  នៅលើនោះតែម្តង។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៨។ កងទ័ពអាកាស និងការពារដែនអាកាសវៀតណាម បានឲ្យដឹងថា យន្តហោះចម្បាំង-ទម្លាក់គ្រាប់បែក Su-22 ដែលមានពីឡុតពីរនាក់ នៅលើនោះ បានជួបគ្រោះថ្នាក់ នៅពេលកំពុងធ្វើការ ហោះហើរហ្វឹកហ្វឺនប្រចាំថ្ងៃ នៅលើភ្នំមួយ ក្នុងស្រុក ងាយេន (Nghia) Yen នៃខេត្តខាងលើ ហើយជាលទ្ធផល អាកាសយានិកទាំងពីរ បានបាត់បង់ជីវិត។

គួរជម្រាបថា យន្តហោះខាងលើ ដែលមានប្រភេទយន្ត ហោះពីសម័យសូវៀត មានជំនាញខាងប្រយុទ្ធ និងទម្លាក់គ្រាប់បែកនោះ  បានជួបគ្រោះថ្នាក់ ក្រោយពេលចាកចេញ ពីព្រលានយន្តហោះ សៅវ៉ាង (Sao Vang) ក្នុងខេត្តនៅក្បែរខាងគ្នា ថាញ់ហាវ (Thanh Hoa) ហើយវាធ្លាក់បែកខ្ញែក ទៅជាបំណែកៗក្រោយពីធ្លាក់ និងផ្ទុះឆេះយ៉ាងកក្រើក៕

ដកស្រង់ពី៖ Fresh News