Social Network

ប្រជាជនម៉ាសេដូន ទៅចូលរួមបោះឆ្នោតសម្រេចថា តើគួរឬមិនគួរប្តូរឈ្មោះប្រទេស

  (ម៉ាសេដូន)៖ ប្រជាជនម៉ាសេដូន នាថ្ងៃអាទិត្យនេះ បាននាំគ្នាទៅបោះឆ្នោត ដើម្បីសម្រេច ជោគវាសនាថា តើឈ្មោះនៃប្រទេស របស់ខ្លួន នឹងត្រូវបានផ្លាស់ប្តូរ ទៅជាសាធារណរដ្ឋម៉ាសេដូនខាងជើង ដែរឬយ៉ាងណា។

នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ ការបោះឆ្នោតខាងលើ ត្រូវបានធ្វើឡើង ក្រោមការទទូច ពីសំណាក់រដ្ឋាភិបាល ដែលមានទំនោរទៅរក លោកខាងលិច  ក្នុងគោលដៅ បើកផ្លូវសម្រាប់ការចូល ជាសមាជិកនៃអង្គការ NATO និងសហភាពអឺរ៉ុបជាដើម។

ការធ្វើប្រជាមតិនេះទៀតសោត គឺជារនាំងចុងក្រោយ សម្រាប់កិច្ចព្រមព្រៀងរវាង ម៉ាសេដូន និង ក្រិច  ដែលសម្រេចបាន កាលពីខែមិថុនាកន្លងទៅ ដើម្បីដោះស្រាយ វិវាទរាប់ទសវត្សរ៍ ដោយសារបញ្ហាឈ្មោះនេះ ដែលបានរារាំង មិនឲ្យប្រទេសម៉ាសេដូន  ចូលរួមជាសមាជិក ក្នុងស្ថាប័នធំៗនៅអឺរ៉ុប ចាប់តាំងតែពីប្រទេសនេះ បានផ្តាច់ខ្លួនចេញពី អតីតប្រទេស យ៊ូហ្គោស្លាវី កាលពីឆ្នាំ១៩៩១។

ប្រទេសក្រិច ដែលមានខេត្តភាគខាងជើង ឈ្មោះថា «ម៉ាសេដូន» ដែរនោះ តែងតែបានរក្សាជំហរថា  ឈ្មោះរបស់ប្រទេស ម៉ាសេដូនសព្វថ្ងៃ ទំនងជាឆ្លុះបញ្ចាំងថាប្រទេសនេះ ហាក់ដូចមានសិទ្ធិ កាន់កាប់មកលើទឹកដី របស់ប្រទេសក្រិច។ហេតុដូច្នេះហើយ ក្រិច បានប្រើសិទ្ធិវេតូ ចំពោះការចូលជាសមាជិក ភាពរបស់ម៉ាសេដូន ទៅកាន់ NATO និង EU។

គួរជម្រាបថា លទ្ធផលនៃការធ្វើប្រជាមតិខាងលើ ពុំមែនត្រូវតែគោរពតាម មួយរយភាគរយនោះឡើយ  ដោយវាគ្រាន់តែជា ការស្ទង់មតិ របស់ប្រជាជនប៉ុណ្ណោះ ប៉ុន្តែសមាជិកសភាម៉ាសេដូន បានបញ្ជាក់ថា នឹងគោរពតាមលទ្ធផល នៃការបោះឆ្នោត  ខណៈការប្តូរឈ្មោះ ត្រូវការសំឡេងភាគច្រើន ០២ភាគ០៣នៅក្នុងសភា៕

ដកស្រង់ពី៖ Fresh News