Social Network

កូរ៉េខាងជើង បញ្ជាក់ថានឹងគ្មានថ្ងៃបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ដរាបណាអាមេរិកនៅមិនអាចទុកចិត្តបានទាំងស្រុង

(យូអិន)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ (Ri Yong Ho) បាននិយាយថា ប្រទេសរបស់លោក  នឹងពុំមានថ្ងៃ បោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាដាច់ខាត ប្រសិនបើទីក្រុងព្យុងយ៉ាង នៅតែមិនអាចជឿទុកចិត្ត ទីក្រុងវ៉ាស៊ីនតោនបាន។

នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន The Washington Post នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។ ការថ្លែងបែបនេះ របស់ប្រមុខការទូតកូរ៉េខាងជើង ត្រូវបានធ្វើឡើង នៅឯមហាសន្និបាត នៃអង្គការសហប្រជាជាតិ  ក្នុងទីក្រុងញូយ៉ក។ លោក រី បានទទូចឲ្យសហរដ្ឋអាមេរិក គោរពតាមការសន្យា ដែលបានធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូល  នៅប្រទេសសិង្ហបុរី កាលពីប៉ុន្មានខែមុន រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

គួរជម្រាបថា ប្រតិកម្មរបស់លោក រី យ៉ុងហូ បានកើតមាន បន្ទាប់ពីការបន្តដាក់ទណ្ឌកម្ម និងការជំទាស់របស់ សហរដ្ឋអាមេរិក  ចំពោះការព្យាយាម ព្រមព្រៀងលើសេចក្តីប្រកាស បញ្ចប់សង្រ្គាមនៅឧបទ្វីបកូរ៉េ។ ទីក្រុងវ៉ាស៊ីនតោន  មានការព្រួយបារម្ភអំពីរឿងនេះ ដោយសារតែខ្លួន យល់ថាពុំទាន់ឃើញ ទីក្រុងព្យុងយ៉ាង បានបោះជំហាន គួរឲ្យកត់សម្គាល់  ទាក់ទិននឹងដំណើរការ រំសាយអាវុធនុយក្លេអ៊ែរ។

ទន្ទឹមនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានបង្ហាញពីក្តីបំណង  ដើម្បីរៀបចំ កិច្ចប្រជុំកំពូលជាថ្មីម្តងទៀតផងដែរ ខណៈ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) គ្រោងនឹងទៅបំពេញទស្សនកិច្ ចទៅកាន់ទីក្រុងព្យុងយ៉ាង នាខែក្រោយនេះ ដើម្បីចាត់ចែងសម្រាប់ជំនួបត្រាំ-គីមលើកទីពី៕

ដកស្រង់ពី៖ Fresh News