Social Network

ប្រទេសឥណ្ឌូនេស៊ី បន្លាយពេលការតាមរកជនរងគ្រោះពីការធ្លាក់យន្តហោះ និងប្រអប់ខ្មៅទី២

អជ្ញាធរប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ បានបន្លាយរយះពេល៣ថ្ងៃចាប់ពីថ្ងៃចន្ទនេះ ក្នុងការរុករកជនរងគ្រោះ និងប្រអប់ខ្មៅពីបំណែកបាក់បែក យន្តហោះដឹកអ្នកដំណើរ Lion Air ដែលបានធ្លាក់ជិតរដ្ឋធានី Jakarta កាលពីសប្តាហ៏មុន ដែលសម្លាប់អ្នកជិះទាំងអស់ ១៨៩នាក់។

ការសម្រេចចិត្តបែបនេះ គឺផ្អែកលើការវាយតម្លៃ និងការអង្កេតទីកន្លែងធ្លាក់យន្តហោះ នេះបើតាមសំដីប្រធានទីភ្នាក់ងារសង្រ្គោះ និងស្វែងរក ប្រាប់អ្នកកាសែត ដោយកត់សម្គាល់ថា មានជនរងគ្រោះជាច្រើន នៅមិនទាន់រកឃើញនៅឡើយ។

រាប់មកដល់ថ្ងៃអាទិត្យ មានចំនួនសរុបកញ្ចប់សាកសព១០៥ ដែលក្នុងនោះមានចំនួនពីរបីនាក់ ដែលនៅរក្សារូបរាងដដែល ក្រៅពីនោះ ត្រូវបានផ្តល់ទៅឲ្យប៉ូលីសដើម្បីកំណត់អត្តសញ្ញាណ ហើយមានតែជនរងគ្រោះ១៤នាក់ទេ ដែលត្រូវបានកំណត់អត្តសញ្ញាណបាន។

ទីភ្នាក់ងារ កំពុងផ្តល់អាទិភាពលើការរុករកជនរងគ្រោះដែលនៅសេសសល់ និងម៉ាស៊ីនថតសម្លេងកាប៊ីនយន្តហោះ (CVR) ដែលជាប្រអប់ខ្មៅទី២ពីយន្តហោះប៊ូអ៊ីង Co. 737 MAX ដែលបានធ្លាក់ចុះក្នុងសមុទ្រកាលពីព្រឹកថ្ងៃចន្ទមុន ក្នុងរយះពេលតែ១៣នាទី បន្ទាប់ពីបានចាកចេញពីរដ្ឋធានី Jakarta។

ខណះក្រុមគ្រួសារជនរងគ្រោះ កំពុងអន្ទះសាររង់ចាំមូលហេតុនៃការធ្លាក់យន្តហោះ វាក៏ផ្តោតជាសំខាន់លើការពិនិត្យពិច័យនៃឧស្សាហកម្មអាកាសចរណ៏ពិភពលោកផងដែរ។ របកគំហើញដំបូងនៃការស៊ើបអង្កេត គឺត្រូវរំពឹងបង្ហាញជាសាធារណះ បន្ទាប់ពីរយះពេល៣០ថ្ងៃ។