Social Network

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើសុំឱ្យក្រុមហ៊ុនសាងសង់ ត្រូវគោរពច្បាប់ឱ្យបានត្រឹមត្រូវ

 

(ភ្នំពេញ)៖ ថ្លែងកិច្ចប្រជុំស្ដីពីការងារសិក្សាគំរោងប្លង់ និងសាងសង់អគារ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានស្នើសុំឱ្យក្រុមហ៊ុនសាងសង់ ត្រូវគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស ឱ្យបានត្រឹមត្រូវ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើសុំបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំស្ដីពីការងារសិក្សាគំរោងប្លង់ និងសាងសង់អគារ នៅសណ្ឋាគារ Sokha Phnom Penh ដោយមានការចូលរួមពី ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់, ប្រធានក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគំរោងប្លង់, ប្រធានក្រុមជាងសំណង់ និងរូបវ័ន្តបុគ្គលសិក្សាគំរោងប្លង់ ព្រមទាំងមន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់យ៉ាងច្រើនកុះករ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនសាងសង់មិនបានចុះបញ្ជី, ខ្ញុំសំណូមពរដែលនៅក្នុងអង្គពិធីនេះ សូមចូលរួមគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស នៅក្នុងអាជីព ដោយមិនត្រូវប្រព្រឹត្តិ ប្រាសចាកអំពីក្រមសីលធម៌វិជ្ជាជីវៈ។

ដោយសារអង្គពិធីនេះ យើងសុទ្ធតែក្រុមហ៊ុនសាងសង់ ដែលបានចុះបញ្ជីរួចហើយ សុទ្ធតែមានលក្ខខណ្ឌគ្រប់ តាមរយៈលោកឧកញ៉ា អ្នកឧកញ៉ា លោកលោកស្រី ក៏សូមជួយគាំទ្រ ជួយបន្តនូវសំណូមពរ និងការចង់បានរបស់រាជរដ្ឋាភិបាល លើវិស័យសំណង់ ដើម្បីធានាបានគុណភាព សោភ័ណ្ឌភាព និងសុវត្ថិភាព»។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានស្នើសុំឱ្យបន្តសិក្សាស្វែងយល់បន្ថែម នូវចំណេះដឹងថ្មីៗ ដូចជាបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដើម្បីធានាដល់សោភ័ណភាព គុណភាពនៃសំណង់ និងសំណង់បៃតង។

ចំណុចនេះ លោកបានបង្ហាញពីបំណងចង់បានឯកសារ ដែលត្រូវបានឆ្លងកាត់ការសិក្សាច្បាស់លាស់ របស់ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ សិក្សាគម្រោងប្លង់ ជាងសំណង់ និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ទៅតម្កល់ទុកនៅក្រសួងរៀបចំដែនដី ដើម្បីទុកឱ្យយុវជនជំនាន់ក្រោយ បានសិក្សាយល់ដឹងបន្ថែម។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់បន្តថា «ខ្ញុំចង់សុំការគាំទ្រពីក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ សិក្សាគម្រោងប្លង់ ជាងសំណង់ និងរូបវ័ន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ដើម្បីជាគុណប្រយោជន៍ សម្រាប់សង្គមជាតិ សម្រាប់បន្តចំណេះដឹង លើផ្នែកបច្ចេកទេស សោភ័ណភាព គឺខ្ញុំចង់បានការតម្កល់ទុក នូវឯកសារដែលជាស្នាដៃកម្រ ហើយឆ្លងកាត់ការសិក្សា ឆ្លងកាត់ការទទួលស្គាល់ ឆ្លងកាត់ការវាយតម្លៃខ្ពស់ខាងការស្រាវជ្រាវនោះ មានលក្ខណៈការគាំទ្រពីប្រជាពលរដ្ឋ ហើយជាឯកសារ ជាសំណង់ ជាគំនិតសម្រាប់តម្កល់ទុក។

ម្យ៉ាងគឺតម្កល់ទុកនៅក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែខ្ញុំចង់តម្កល់ទុកនៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយអ្នកណាក៏អាចចូលមើលបាន អ្នកណាក៏អាចចែករំលែក ចង់បានបច្ចេកទេសនេះក៏យកបាន»។

លោកបន្ថែមថា ទោះបីជាការសិក្សា និងគម្រោងសាងសង់នោះ ត្រូវបានបញ្ចប់ទៅហើយក្តី ក៏មិនគួរនឹងលាក់ទុកដែរ។ ប៉ុន្តែឯកសារទាំងនោះ គួរតែត្រូវផ្សព្វផ្សាយបន្ថែមទៀត សម្រាប់យុវវ័យ ដែលគាត់ចង់ស្រាវជ្រាវ គាត់ចង់រៀនសូត្រ និងចង់មកមើលស្នាដៃល្អៗ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តថា «យើងអនុវត្តន៍ទៅតាមគម្រោងនេះ គាត់(យុវវ័យ)ចង់បានផ្នែកណា គាត់ចង់បានស្ថាបត្យកម្មបែបណា ហើយគាត់ងាយស្រួលនឹងស្រាវជ្រាវ។ នេះហើយទើបយើងចង់បានតម្កល់ទុក នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយយើងនឹងផ្សព្វផ្សាយជាសាធារណៈ»៕

ដកស្រង់ពី៖ Fresh News