Social Network

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាពីរពាន់ដុល្លារ ជូនគ្រួសារមន្ត្រីបំរើការងារនៅអង្គភាពកងនាវាដឹកជញ្ជូនកងទ័ពជើងទឹក ដែលភរិយាកំពុងមានជំងឺធ្ងន់

(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ បានឧបត្ថម្ភថវិកាចំនួន ២០០០ (ពីរពាន់ដុល្លារអាមេរិក) ជូនចំពោះក្រុមគ្រួសារលោកអនុនាវីឯក មាស ចាន់ថុល បំរើការងារនៅអង្គភាពកងនាវាដឹកជញ្ជូនកងទ័ពជើងទឹក ដែលភរិយា របស់លោកកំពុងតែមានជំងឺធ្ងន់ ហើយត្រូវវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វីស៊ី, ស្ពីដបូតកម្ពុជា G.T.V.C, SPEED BOAD CAMBODIA) បានថ្លែងថា ភ្លាមៗ បន្ទាប់ពីលោកទទួលបានដំណឹងមកថា មានភរិយាកងទ័ពជើងទឹក បំរើការនៅអង្គភាពខាងលើ មានជំងឺធ្ងន់ និងខ្វះថវិកាចំណាយថ្លៃវះកាត់ រូបគាត់ក៏បានចាត់តំណាងនាំយកថវិកាចំនួន២ពាន់សុល្លារអាមេរិក យកទៅផ្តល់ជូនគ្រួសារកងទ័ពជើងទឹកកំពុងមានជំងឺនោះ ដើម្បីរួមចំណែកក្នុងការចំណាយការខ្វះខាត។

ក្រោយទទួលបានជំនួយឧបត្ថម្ភនេះ លោកវរនាវីត្រី នាង សំរិទ្ធិសក្តិ ក្នុងនាមលោកវរនាវីឯក តូច សុភក្តិ មេបញ្ជាការកងនាវាដឹកជញ្ជូន ក៏ដូចជាមេបញ្ជាការរង នាយនាវី នាយនាវីរង កងនាវាដឹកជញ្ជូនមូលដ្ឋានសមុទ្រ ក៏បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់សូមឲ្យមានសុខភាពល្អ។

ជាងនេះទៀត ក៏សូមប្រសិទ្ធពរជ័យ ដល់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ សូមឲ្យជួបប្រទះនៅពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News