Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសន្និសីទអន្តរជាតិស្តីពី «កម្ពុជា និងតំបន់និយមអាស៊ាន ក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក»

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិស្តីពី «កម្ពុជា និងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក»។

កម្មវិធីនេះ ធ្វើឡើងរយៈពេលមួយថ្ងៃពេញ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ដានីញ៉ែល ស្មូកឃីង (Daniel Schmücking) ប្រធានមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធយ៉ាងច្រើនផងដែរ។

បើតាមលោកបណ្ឌិត យង់ ពៅ ដែលជាតំណាងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សន្និសីទនេះពិតជាបានរំលេចឡើងនូវសារៈសំខាន់ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសមាហរណកម្មតំបន់ ការខិតខំប្រឹងប្រែង និងបញ្ហាប្រឈមរបស់អាស៊ាន ទំនាក់ទំនងរវាងកម្ពុជានិងអាស៊ាន និងការធ្វើឱ្យមានតុល្យភាពរបស់អាស៊ាននៅក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសគឺបញ្ហាជំហររបស់ប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថា «អាស៊ាន» នៅក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោកបណ្ឌិត យង់ ពៅ បានបន្តថា សន្និសីទនេះ គឺជាវិភាគទានដ៏ថ្លៃថ្លា និងជាសក្ខីភាពនៃការរំលឹកខួបលើកទី៥២ នៃការបង្កើតអាស៊ាន និងខួបលើកទី២០ នៃសមាជិកភាព របស់កម្ពុជា ក្នុងអាស៊ាន និងជាសកម្មភាពមួយឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះសមាហរណកម្មតំបន់ និងតុល្យការនៃការងារទំនាក់ទំនងអន្ដរជាតិ។

ជាមួយគ្នានេះវាគ្មិននៃសន្និសីទនេះ នឹងរំលេចឡើងនូវទស្សនវិស័យទៅអនាគត និងចែករំលែកនូវមតិយោបល់ល្អៗ ដើម្បីសម្រេចបាននូវគោលដៅជាមូលដ្ឋាននៃសន្តិភាព ភាពចម្រុងចម្រើន និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍។

គួររម្លឹកថា កម្ពុជាបានក្លាយជាសមាជិករបស់អាស៊ាន រយៈពេល២០ឆ្នាំហើយ។ ភាពជាសមាជិកនេះ បានធ្វើឱ្យកម្ពុជាទទួលផលប្រយោជន៍យ៉ាងច្រើន ដែលជាកាលានុវត្តភាពសេដ្ឋកិច្ច កិត្យានុភាព និងផលប្រយោជន៍ ក៏ដូចជាតួនាទីអន្ដរជាតិតាមរយៈការប្រកាន់ខ្ជាប់នូវបទដ្ឋាន និងការទូតអាស៊ាន។

បច្ចុប្បន្ន ប្រជាជនកម្ពុជា មានឱកាសកាន់តែច្រើន ដើម្បីរៀនសូត្រ និងយល់ដឹងអំពីអ្នកជិតខាង។ នាពេលកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងឋានៈជាប្រទេសតូច កម្ពុជាមិនអាចសង្ឃឹមថា រស់នៅដោយគ្មាន ការផ្សារភ្ជាប់ជាមួយពិភពលោកខាងក្រៅទេ។

ការរីកលូតលាស់ និងវិបុលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ អាស្រ័យជារួមលើរបៀប ធ្វើការជាមួយអាស៊ានក្នុងការធ្វើឱ្យសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ ក៏ដូចជាការពង្រឹងសារៈសំខាន់ និងភាពរឹងមាំរបស់ជាតិ‍»។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា រយៈពេលពីរទសវត្សចុងក្រោយនេះ អាស៊ានត្រូវបានគេចាត់ទុកថា ជាខែលសន្តិសុខ ដែលអាចទុកចិត្តបាន និងជាកត្តាលីករដ៏សំខាន់សម្រាប់វឌ្ឍនភាព និងថាមភាពនៃសេដ្ឋកិច្ចតំបន់។

អាស៊ានមានសមត្ថភាពលើកកម្ពស់ ផ្សព្វផ្សាយនូវវិធានច្បាប់នានា ជំរុញឱ្យមហាអំណាចមានការជាប់ពាក់ព័ន្ធក្នុងក្របខណ្ឌស្ថាប័ន ការទូត និងធ្វើសកម្មភាពដោយសន្តិវិធី និងការទទួលខុសត្រូវ។ កម្ពុជា ក្នុងឋានៈជាសមាជិកអាស៊ាន បានដើរតួនាទីដ៏សំខាន់គួរឱ្យកត់សម្គាល់ផងដែរ ទាំងក្នុងក្របខណ្ឌទំនាក់ទំនង ផ្ទៃក្នុងអាស៊ាន និងក្រៅតំបន់អាស៊ាន។

លោកបណ្ឌិត គិត ភា បានបន្តថា អាស៊ានហាក់កំពុងក្លាយជាតំបន់យុទ្ធសាស្ត្រមួយ ដែលប្រឈមមុខនឹងការប្រណាំងប្រជែង ពីប្រទេសមហាអំណាច។

ការលេចឡើងនៃឥណ្ឌូ-ប៉ាស៊ីហ្វិក បានបង្កើតនូវភាពមិនប្រាកដប្រជាមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនាំឱ្យអាស៊ាន និងបណ្តាប្រទេសជាសមាជិករបស់ខ្លួនវាយតម្លៃឡើងវិញ នូវជម្រើសយុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសរបស់ខ្លួន។

ទស្សនវិស័យប្រកួតប្រជែងសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានក្លាយទៅជាទិដ្ឋភាពសំខាន់មួយនៅក្នុងបរិបទនេះ ហើយភាពលេចធ្លោរ និងផលប្រយោជន៍នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន (Belt and Road Initiative-BRI) ដែលប្រទេសជាសមាជិកអាស៊ានទទួលបាន ហាក់កំពុងដាក់សម្ពាធឱ្យអាស៊ានជ្រើសរើសរវាងឥណ្ឌូ-ប៉ាស៊ីហ្វិក និង BRI ឬរវាងសហរដ្ឋអាមេរិក និងចិន។

អាស៊ាន និងសមាជិកភាគច្រើន របស់ខ្លួនបានព្យាយាមគេចវេសពីស្ថានភាព ដែលតម្រូវឱ្យពួកគេជ្រើសរើស រវាងសហរដ្ឋអាមេរិក និងចិន៕

ដកស្រង៉ពី៖ Fresh News