Social Network

សម្តេចិជ័យសេនា ទៀ បាញ់ បើកកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តកោះកុង

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុង នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកោះកុង។

កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកោះកុង, លោកស្រី មិថុនា ភូថង អភិបាលខេត្ត ព្រមទាំងក្រុមការងារនៅតាមមូលដ្ឋានយ៉ាងច្រើនផងដែរ។

ក្នុងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អនុសាសន៍មួយចំនួន ព្រមទាំងអនុញ្ញាតឱ្យក្រុមការងារចុះជួយមូលដ្ឋាន នៅទូទាំងខេត្ត លើកឡើងពីផែនការសកម្មភាព បញ្ហាប្រឈមនានា ដើម្បីជជែកនៅក្នុងកិច្ចប្រជុំ ដើម្បីធ្វើយ៉ាងណាស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីកែតម្រូវនូវចំណុចទាំងនេះ ព្រមទាំងធ្វើយ៉ាងដោះស្រាយនានា ដែលបានកើតឡើងជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

បើតាមលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកោះកុង ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានក្រុង-ស្រុក បានចុះមូលដ្ឋានស្វែងយល់នូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ ដោះស្រាយតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងលទ្ធភាពដែលមាន៕

ដកស្រង់ពី៖ Fresh News