Social Network

វេទិកាសម្ព័ន្ធសង្គមស៊ីវិលសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តព្រះវិហារ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ត្រូវបានសហការរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងរដ្ឋបាលខេត្តព្រះវិហារ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។

វេទិកាសន្ទនានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងជំរុញឱ្យមានការចូលរួមចំណែកកាន់តែសកម្មថែមទៀតពីសំណាក់អង្គការសង្គមស៊ីវិល ក៏ដូចជាការបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ដើម្បីចូលរួមធ្វើឱ្យសម្រចបាននូវគោលដៅនេះ។

នៅក្នុងអង្គវេទិកាសន្ទនាដ៏មានសារៈសំខាន់នេះ បញ្ហាប្រឈមជាក់ស្តែងនិងសំណូមពរជាច្រើន ត្រូវបានអង្គការសង្គមស៊ីវិលលើកយកមកពិភាក្សាដោយត្រង់ទៅត្រង់មក ជាមួយអាជ្ញាធរខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានថ្លែងកោតសរសើរចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលក្នុងខេត្តព្រះវិហារ ដែលបានខិតខំបំពេញការងាររបស់ខ្លួនក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ។

ជាក់ស្តែង សមិទ្ធផលទាំងនេះ គឺជាសមិទ្ធផលរួមដែលកើតចេញពីការចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានសុខសុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយ និងការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងបង្កើតភាពដៃគូជាមួយគ្នាដោយឆន្ទៈស្មោះត្រង់ និងយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព និងមិនប្រកាន់និន្នាការនយោបាយ និងត្រូវពង្រឹងការអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ដើម្បីចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍមូលដ្ឋាន។

ដកស្រង់ពី៖ Fresh News