Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ចុះអនុស្សរណៈយោគយល់គ្នា ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិនជប៉ុន

  • Print

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) នៅនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកទំនាក់ទំនង សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចល្អ សម្រាប់ទាក់ទាញក្រុមហ៊ុនឯកជន ពីប្រទេសជប៉ុនមកកម្ពុជា។

គណៈប្រតិភូអង្គការ JETRO បានដឹកនាំដោយលោកស្រីបណ្ឌិត យូរី សាតូ (Yuri Sato) នាយករងនៃអង្គការ JETRO។ ថ្លែងក្នុងពិធីផ្លាស់ប្តូរ អនុស្សរណៈនៃការយោគយល់គ្នានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងជួយដល់ប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា អនុស្សរណៈនេះនឹងជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជំរុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ក្នុងគោលបំណងបង្កើតនូវភាព ជាដៃគូគ្រប់ជ្រុងជ្រោយ រវាងក្រសួងពាណិជ្ជកម្ម និង JETRO។ ជាមួយនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ នូវសកម្មភាពមួយចំនួនដែល JETRO បានអនុវត្តនៅកម្ពុជា រួមមាន ការផ្គូផ្គងធុរកិច្ច ការសិក្សាវិភាគ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការសម្របសម្រួល បញ្ហាជូនក្រុមហ៊ុនជប៉ុន ការបណ្ដុះបណ្ដាលមន្ត្រី និងវិស័យឯកជន និងការជួយដល់ក្រុមហ៊ុនកម្ពុជា ចូលរួមក្នុងពិព័រណ៍ជប៉ុន។

លោកបានកោតសរសើរថា តាមរយៈការខិតខំប្រឹងប្រែងប្រមូលព័ត៌មានពិត ពីទីផ្សារកម្ពុជារបស់ JETRO បានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន Aeon មកវិនិយោគផ្សារទំនើបនៅកម្ពុជា ជាបន្តបន្ទាប់ ហើយការបង្កើតផ្សារទំនើប Aeon នេះដែរ បានយកមកជាមួយនូវស្ដង់ដារល្អៗ ដូចជាស្ដង់ដារអនាម័យជាដើម មកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ដែលជាតម្លៃបន្ថែមមួយ នៃការវិនិយោគនេះផងដែរ។ ជាកិច្ចឆ្លើយតបលោកស្រីបណ្ឌិត យូរី សាតូ បានថ្លែងអំណរគុណ ចំពោះការកោតសរសើរ របស់លោករដ្ឋមន្ត្រី។

លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ចំពោះធុរកិច្ចជប៉ុន។ លោកស្រី ក៏បានកត់សម្គាល់នូវកំណែទម្រង់មួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងអនុវត្ត ក្នុងការសម្រួលដល់ការប្រកបធុរកិច្ច និងពាណិជ្ជកម្ម ដែលនេះជាសញ្ញាវិជ្ជមាន ដែលលោកស្រី នឹងពាំនាំទៅផ្សព្វផ្សាយ។

ក្រៅពីនេះ លោកស្រី បានជម្រាបជូនថា JETRO មានការងារថ្មីមួយដែល JETRO នឹងអនុវត្ត គឺការជំរុញនវានុវត្តន៍ និងការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលថ្មីៗ (Innovation and Digital Technology Startup) ជាមួយនឹងការផ្គូផ្គងធុរកិច្ច ក្នុងវិស័យនវានុវត្តន៍។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះនាពេលនេះ ជាការធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈ ដែលក្រសួងពាណិជ្ជកម្ម និងអង្គការ JETRO បានចុះកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩។

កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ បានរួមចំណែកដល់កំណើន នៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ដែលក្នុងឆ្នាំ២០០៩ មានចំនួនតិចតួច ហើយក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ចំនួនប្រមាណ១.៦ប៊ីលានដុល្លារ សហរដ្ឋអាមេរិក៕

 ដកស្រង់ពី៖ Fresh News