Social Network

កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Saud F.Mal Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលកម្ពុជា និងអារ៉ាប៊ីសាអូឌីត បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ជម្រាបជូនលោកឯកអគ្គរាជទូតផងដែរ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឲ្យដឹងថា ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមក ភាគីទាំងពីរបានអនុវត្តលើផ្នែកបច្ចេកទេស ដោយសម្របសម្រួល និងបំពេញបែបបទនីតិវិធី សម្រាប់ការបណ្តុះបណ្តាលលើការបញ្ជូននេះ ដែលរហូតមកដល់ពេលនេះ យើងមានទីភ្នាក់ងារស្របច្បាប់ចំនួន ៤០ ដោយសហការការងារជាមួយអារ៉ាប៊ីសាអូឌីតបានយ៉ាងល្អប្រសើរ។

យ៉ាងណាក៏ដោយ ពលករកម្ពុជាបម្រើការងារនៅទីនោះមានចំនួនតិចតួចនៅឡើយ ខណៈដែលពលករបរទេសកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត មានរហូតដល់ជិត ១៥លាននាក់។

លោកបានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ជាទីផ្សារដ៏ធំមួយដែលស្រូបកម្លាំងពលកម្មបរទេស មានទាំងទៅពីតំបន់អាស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស និងមានប្រទេសជាច្រើនផ្សេងទៀត។ ក្នុងជំនួបនោះដែរ លោករដ្ឋមន្រ្តីបានជម្រាបជូនភាគីជំនួបអំពីលទ្ធភាពនៃការទាក់ទាញទីផ្សារការងារ គឺផ្តោតលើបញ្ហាប្រាក់ឈ្នួល ដែលកន្លងមកប្រទេសមួយចំនួនបានទទួលពលករពីកម្ពុជាទៅបម្រើការងារក្នុងតម្លៃដ៏សមរម្យមួយ ដូចជាសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ដែលពលករកម្ពុជា បានខិតខំរៀនសូត្រនិងចាប់យកឱកាសនោះ ហើយមួយវិញទៀតលក្ខខណ្ឌការងារ និងសុវត្ថិភាពនៅក្នុងពេលធ្វើការ ក៏ដូចជាការវិលត្រឡប់មកវិញ ក៏ជាចំណុចទាក់ទាញ និងការបញ្ជូនដែរ។

បន្ថែមលើសពីនេះ អារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រង និងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមរបស់ពលករមានលក្ខណៈល្អប្រសើរ ដែលកម្ពុជាគួរតែគិតគូរ។

សូមបញ្ជាក់ផងដែរ ទីផ្សារការងារសំខាន់ៗនៅអារ៉ាប៊ីសាអូឌីត មានដូចជា ឧស្សាហកម្ម សំណង់ និងការងារតាមផ្ទះ៕

ដកស្រង៉ពី៖  Fresh News