Social Network

មន្ត្រីក្រសួងការងារផ្តល់ដំបូន្មានដល់សិស្សទើបប្រឡងបាក់ឌុប ដើម្បីងាយស្រួលសម្រេចចិត្តចាប់យកជំនាញរៀនបន្ត

(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ប្អូនៗដែលបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ឬប្អូនៗមិនបានបញ្ចប់ការសិក្សាក៏ដោយ គួរណាស់ត្រូវគិតចំណុចសំខាន់ៗ៣ចំណុច ដើម្បីរៀនជំនាញបច្ចេកទេស ដែលចំជំនាញរបស់ខ្លួន និងមិនខ្វះការងារ ឬប្រាក់ខែសមរម្យសម្រាប់ខ្លួនឯង នៅពេលបញ្ចប់ការសិក្សាផងដែរ។

ការលើកឡើងបែបរបស់លោក ថង សាម៉ុន ធ្វើឡើងក្នុងការវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។ លោកបានបញ្ជាក់ថា ចំណុចទាំង៣ដែលគួរតែគិតនោះ

គឺទី១៖ ត្រូវគិតរៀននូវជំនាញណា ដែលទីផ្សារការងារត្រូវការ ហើយត្រូវសួរបងប្អូន ឬក៏មិត្តភក្តិ តែសម្រាប់ជាយោបល់របស់លោក សាម៉ុន គឺរៀនជំនាញបច្ចេកទេស ដែលជាជំនាញដែលទីផ្សារត្រូវការ។

ទី២៖ តើស្ថានភាពគ្រួសាររបស់ប្អូនៗ នៅកម្រិតណា ប្រសិនបើក្នុងកម្រិតធូរធា គឺគួរតែរៀន៤ឆ្នាំនៅមហាវិទ្យាល័យ ដោយឡែកប្រសិនបើប្អូនៗខ្វះខាតត្រូវការលុយ គួររៀនជំនាញ១ឆ្នាំទៅ២ឆ្នាំ ដើម្បីបានលុយយកមករៀនបន្តទៀត និងទី៣ ត្រូវគិតថា ខ្លួនឯងចង់ធ្វើអី ហើយមានចំណង់ចំណូលចិត្តខ្លួនឯងអ្វី ហើយរៀនជំនាញដែលយើងមាន និងចិត្តចង់។

ដោយក្នុងនោះលោកបានបញ្ជាក់ថា ឯកទេសដែលមានតម្រូវការខ្ពស់ លើផ្នែកបច្ចេកទេសគឺ លើវិស័យកម្មន្ដសាល, វិស័យអគ្គិសនី, វិស័យសំណង់, វិស័យអេឡិចត្រូនិក, វិស័យមេកានិក និងវិស័យរថយន្ដ ដែលវិស័យទាំងនេះ ដែលត្រូវការអ្នកបច្ចេកទេសច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបានបញ្ជាក់ទៀតថា «សម្រាប់អ្នករៀនជំនាញបច្ចេកទេស គឺមិនខ្វះការងារធ្វើទេ ហើយទីផ្សារការងារក៏មិនខ្វះផងដែរ បានន័យថា នៅពេលដែលពួកគាត់រៀនជំនាញ ពួកគាត់បានការងារធ្វើមុននឹងពួកគាត់រៀនចប់ទៅទៀត»។

លោកបានបន្តថា ដោយកាលកន្លងមកពួកប្អូនៗគាត់តែងតែគិតថា រៀនជំនាញបច្ចេកទេស គឺជាជាង ប៉ុន្តែវាមិនមែនជាជាងនោះទេ គឺរៀនជំនាញ ដើម្បីឲ្យខ្លួនអាច ទៅបើកការរកស៊ីបានដោយខ្លួនឯង និងចូលទៅក្នុងវិស័យឧស្សាហកម្មបាន។

មួយវិញទៀតការរៀនបច្ចេកទេស គឺមានឱកាសច្រើនណាស់ នៅពេលបញ្ចប់ការសិក្សា ជាពិសេសរឿងប្រាក់ខែ ពេលចេញទៅក៏អាចបានប្រាក់ខែប្រហាក់ប្រហែល ឬក៏អាចលើសគេទៅទៀត ហើយផ្នែកបច្ចេកទេសនេះ គឺមានឱកាសឡើងប្រាក់ខែលឿនជាងផ្នែកផ្សេងៗទៀត។

លោកក៏បានបញ្ជាក់ផងដែរថា នាឆ្នាំនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចផ្ដល់អាហារូបករណ៍ ក្នុងរង្វង់ប្រមាណជាជាង២២,០០០កន្លែង ក្នុងនោះរួមមាន៖ វិស័យកម្មន្ដសាល, វិស័យអគ្គិសនី, វិស័យសំណង់, វិស័យអេឡិចត្រូនិក, វិស័យមេកានិក, វិស័យរថយន្ដ, វិស័យធុរៈកិច្ច, និងវិស័យព័ត៌មានវិទ្យា៕

ដកស្រង់ពី៖ Fresh News