Social Network

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍កុំខ្មាសអៀន និងត្រូវទៅទទួលថ្នាំពន្យារឱ្យបានទៀងទាត់ ពិសេសស្រ្ដីមានផ្ទៃពោះ

(ភ្នំពេញ)៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ នៅកម្ពុជា បានថ្លែងអំពាវនាវដល់អ្នកផ្ទុកមេរោគអេដស៍កុំខ្មាសអៀន និងត្រូវទៅទទួលថ្នាំពន្យារ ឱ្យបានទៀងទាត់ ជាពិសេសស្រ្ដីមានផ្ទៃពោះ ដើម្បីការពារចម្លងមេរោគអេដស៍នេះ ពីម្ដាយទៅកូន។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា នៅកម្ពុជាគេបានរកឃើញអ្នកផ្ទុកមេរោគអេដស៍ដំបូងគេបង្អស់ នៅឆ្នាំ១៩៩១ ដោយនៅឆ្នាំ១៩៩៧ អត្រាប្រេវ៉ាឡង់ បានឡើងដល់កម្រិតខ្ពស់បំផុត១.៦% ហើយដែលអត្រាបានចុះមកនៅ១.១% នៅឆ្នាំ២០០៦ និងបានថយចុះមកដល់ ០.៨% នៅឆ្នាំ២០០៩ និងបានចុះជាបន្តបន្ទាប់រហូតមកដល់០.៥% នៅឆ្នាំ២០១៩នេះ។

«ការធ្លាក់ចុះជាលំដាប់ នៃអ្នកផ្ទុកមេរោគអេដស៍ជាលំដាប់នេះ គឺមិនមែនដោយឯងៗនោះទេ គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងការផ្សព្វផ្សាយអប់រំ ផ្ដល់សេវាពិនិត្យ-ព្យាបាល និងយុទ្ធនាការផ្សេងៗ ទៅតាមមូលដ្ឋានទូទាំងប្រទេស។ ទោះបីជាមានការថយចុះ ប៉ុន្ដែយើងទាំងអស់គ្នា ត្រូវបន្ដលុបបំបាត់ការរីករាលដាល កុំឱ្យកើន និងធ្លាក់ចុះជាលំដាប់ ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខនេះ»។

នេះបើតាមលើកឡើងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងចាស់ជរាគ្មានទីពឹង១,៧៧៧គ្រួសារ ដែលរស់នៅក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍នៅកម្ពុជា បានថ្លែងអំណរគុណដល់មន្ដ្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងលោកស្រីវេជ្ជបណ្ឌិត វ្ល៉ា ដានកា អានឌ្រីវ៉ា នាយកប្រតិបត្ដិ អង្គការយូអិនអេដស៍ប្រចាំកម្ពុជា (UNAIDS) ដែលបានប្ដេជ្ញាចិត្ដរួមគ្នាដាក់ចេញនូវយុទ្ធសាស្ដ្រក្នុងការបង្ការ ព្យាបាល និងសកម្មភាពផ្សេងៗទៀត ដើម្បីកំចាត់ និងលុបបំបាត់មេរោគអេដស៍នៅកម្ពុជា ទៅគោលដៅដែលបានកំណត់។

សូមជម្រាបថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ទូទាំងប្រទេសសរុប ៧៣,១៧៦៣ក់ (កុមារមាន ៣,២៥៧នាក់) លើចំនួននេះ អ្នកដែលកំពុងទទួលថ្នាំប្រឆាំងមេរោគអេដស៍ មានប្រមាណជិត៦ម៉ឺននាក់ប៉ុណ្ណោះ។ សម្រាប់ស្រ្តីមានផ្ទៃពោះ អត្រាចម្លងពីម្តាយទៅកូនមាន៣៧% នៅឆ្នាំ២០០៧ ហើយបានចុះមកនៅត្រឹម៦.២% នៅឆ្នាំ២០១៥។

សព្វថ្ងៃនេះ ស្ត្រីមានផ្ទៃពោះ៩៤% បានទទួលសេវាបង្ការការឆ្លងមេរោគអេដស៍ ពីម្ដាយទៅកូន។ ទន្ទឹមនឹងនោះ បច្ចុប្បន្ននេះក្រុមប្រឈមមុខខ្ពស់នឹងមេរោគអេដស៍ គឺក្រុមស្ត្រីធ្វើការនៅកន្លែងកំសាន្តមនុស្សពេញវ័យ ដែលអត្រាផ្ទុកមាន ៣.២%, ក្រុមបុរសរួមជាមួយបុរស អត្រាផ្ទុកមាន ២.៣% និងប្លែភេទ មានអត្រាផ្ទុក៥.៩%, ក្រុមប្រើប្រាស់គ្រឿងញៀនដោយចាក់ មានអត្រាផ្ទុក១៥.២% និងប្រើប្រាស់គ្រឿងញៀន ដោយលេប ហិត ឬជក់មានប្រមាណ៥.៧%។

ការថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍នៅរាជធានីភ្នំពេញ បានផ្តល់សេវាពិគ្រោះថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍មានចំនួន១២កន្លែង ដែលក្នុងនោះ មន្ទីរពេទ្យជាតិមានចំនួន៥កន្លែង (មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកុមារជាតិ និងគ្លីនិកសុខភាពសង្គម មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យក្រសួងការពារជាតិ) មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញមាន៤កន្លែង (មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ មន្ទីរពេទ្យបង្អែកមានជ័យ មន្ទីរពេទ្យបង្អែកដង្កោ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង) និងមន្ទីរពេទ្យរបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន ២កន្លែង (មន្ទីរពេទ្យព្រះសីហនុ «មណ្ឌលនៃក្តីសង្ឃឹម» និងគ្លីនិកឈូកស)។

គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ សេវាពិគ្រោះ ថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ទាំង១២កន្លែងខាងលើនេះ អាចផ្តល់សេវាព្យាបាល ជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍បានចំនួន ១៩,៨៩៣នាក់ ដែលមានអាសយដ្ឋានមកពី២៥រាជធានី-ខេត្ត។

ដោយឡែក សម្រាប់តែមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកសម្តេច-សម្តេចម៉ែ មន្ទីរពេទ្យបង្អែកមានជ័យ មន្ទីរពេទ្យបង្អែកដង្កោ និងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានផ្តល់សេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដែលភាគច្រើន គឺជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ គឺមានចំនួនត្រឹមតែ២,៩៧៨នាក់ប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដឹងរឹងមាំ ប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននិងកំពុងធ្វើជាប្រចាំ នូវការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីមេរោគអេដស៍/ជំងឺអេដស៍។

សារគន្លឹះសំខាន់ត្រូវបានបញ្ជៀប នៅក្នុងគ្រប់សកម្មភាពការងារ ជាពិសេសនៅគ្រប់កម្មវិធីចែកអំណោយទាំង នៅថ្នាក់ជាតិ-សាខា-អនុសាខា និងនៅតាមជនបទ, ការឧបត្ថម្ភគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រាដោយសារ មេរោគអេដស៍ ជាមុខសញ្ញាអាទិភាព នៃកម្មវិធីផ្តល់អំណោយរបស់ កាកបាទក្រហមកម្ពុជា និងនៅក្នុងកម្មវិធីចុះសួរសុខទុក្ខ នៅតាមខ្នងផ្ទះ។

ចាប់តាំងពីឆ្នាំ២០០៦មក កាកបាទក្រហមកម្ពុជា បានបង្កើតឱ្យមានឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងឱកាសអបអរទិវាប្រយុទ្ធប្រឆាំងមេរោគអេដស៍ ១ធ្នូ និងតែតែងចុះផ្សព្វផ្សាយ ដោយផ្ទាល់ដល់និស្សិតតាមសកលវិទ្យាល័យ និងរៀបចំឱ្យមានវេទិកាយុវជន ដែលពិភាក្សាបញ្ចេញមតិរបស់និស្សិត ចាក់ផ្សាយតាមគ្រប់បណ្តាញទូរទស្សន៍។

ជាងនេះទៅទៀត ក្នុងការប្រារព្ធទិវាពិភពលោក ប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ធ្នូ តែងតែចេញផ្សាយសារលិខិតរបស់ ឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនបង-ប្អូនរួមជាតិ ផ្តល់សារសំខាន់ៗផ្តោតលើ ការទប់ស្កាត់ការចម្លង រីករាលដាលជំងឺអេដស៍ ជាពិសេសពីម្តាយទៅកូនការមិនរើសអើង និងការពុំមានអ្នកស្លាប់ដោយសារមេរោគអេដស៍ ការលើកទឹកចិត្តឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យ សុខភាពឱ្យបានទៀងទាត់។

កាកបាទក្រហមកម្ពុជា ជាលេខាធិការដ្ឋាន របស់បណ្តាញការងារអេដស៍ របស់សមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមចំនួន១៣ នៅក្នុងអាស៊ី ដែលសព្វថ្ងៃសកម្មភាពផ្តោតទៅលើការអប់រំជំងឺអេដស៍ ក្នុងចំណោមជនចំណាក។

ដោយឡែក សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ មានសេវាគាំទ្រចិត្តសាស្រ្តសង្គម តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ដែលផ្តល់សេវាអប់រំចិត្តសាស្ត្រ ដល់កុមារផ្ទុកមេរោគអេដស៍២៥០នាក់ជារៀងរាល់ថ្ងៃ។

គួររម្លឹកថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ បានទទួលគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

៣ឆ្នាំក្រោយមក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ សម្តេច ទទួលពានរង្វាន់នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក ឆ្លើយតបមេរោគអដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ពីអង្គការសហប្រជាជាតិ។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលគោរមងារ ១ទៀត គឺឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព និងកុមារ។

នៅថ្ងៃទី៨-១០ ខែមិថុនា ឆ្នាំ២០១១ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំស្ត្រីទី១ ទូទាំងពិភពលោក ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ពីមាតា ទៅទារក នៅទៅស្នាក់ការអង្គការសហប្រជាជាតិ នាបុរីញូវយ៉ក សហរដ្ឋអាមេរិក៕

ដកស្រង់ពី៖  Fresh News