Social Network

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ»

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកយុទ្ធនាការ «បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសជួសជុលថែទាំផ្លូវ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ » (ROAD CARE Mobile App) ដែលកម្មវិធីនេះ បានរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធទូទាំង២៥រាជធានីខេត្ត។

កម្មវិធីនេះក៏មានការសហការគាំទ្រ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ដែលគោលបំណងសំខាន់ ដើម្បីប្រកាសចាប់ផ្តើមបើកយុទ្ធនាការ បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសពាក់ព័ន្ធទូទាំង ២៥រាជធានី-ខេត្ត ពីបច្ចេកទេសវិធីសាស្ត្រជួសជុល និងថែទាំផ្លូវថ្នល់ និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ព្រមទាំងចុះផ្សព្វផ្សាយអំពីកម្មវិធីថែទាំផ្លូវ ដល់សាធារណជន ឱ្យបានកាន់តែទូលំទូលាយ។

UNDP បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងយុទ្ធនាការផ្សព្វផ្សាយលើកទឹកចិត្តសាធារណជន ឱ្យប្រើប្រាស់ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីចូលរួមចំណែកក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងប្រទេសកម្ពុជា។ កិច្ចសហការគាំទ្រនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរួមគ្នាដែលមានឈ្មោះថា Sustainable Urban Mobility for All Initiative (SUMAI) ដែលជាគម្រោងរយៈពេល ៣ឆ្នាំ របស់ UNDP និងក្រុមហ៊ុនដឹកជញ្ជូន GRAB គាំទ្រដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែប្រសើរឡើង និងការដឹកជញ្ជូនប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

យុទ្ធនាការបណ្តុះបណ្តាលនេះ នឹងអាចឲ្យមន្ត្រីបច្ចេកទេសពាក់ព័ន្ធនៅគ្រប់មន្ទីរសាធារណការ ប្រើ ROAD CARE Mobile App ដើម្បីងាយស្រួលក្នុងការឆ្លើយតបទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ដោយផ្ទាល់ ពីស្ថានភាពគ្រលុកសំបុកមាន់ ធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ផងដែរថា បេសកកម្មមួយនេះ ផ្តោតចំបងក្នុងការកសាង និងថែទាំផ្លូវថ្នល់ ឱ្យមានលក្ខណៈ ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ លុបបំបាត់ផ្លូវខូច និងគ្រលុកសំបុកមាន់តាមដងផ្លូវនានា ក្នុងរាជធានី-ខេត្ត ព្រមទាំងបង្កើនសុវត្ថិភាពចរាចរណ៍ ក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងប្រទេសផងដែរ៕

ដកស្រង់ពី៖ Fresh News