Social Network

សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យលោក មាស នី ថា ជាអ្នកវិភាគអន់ជាងលោក ជេម សុខ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចំអកចំៗឈ្មោះទៅលើលោក មាស នី ថាជាអ្នកវិភាគអន់បំផុត ហើយសម្តេចថ្លែងទៀតថា បើប្រៀបធៀបទៅនឹងលោក ជេម សុខ ការវិភាគរបស់លោក មាស នី មិនបានពាក់កណ្តាលឡើយ។

ពាក្យចំអកថាវិភាគអន់ពេញៗមាត់ របស់សម្តេចតេជោ ហ៊ុន សែន ជាលើកទីមួយចំពោះលោក មាស នី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព។

ថ្លែងដោយមិនទុកមុខឱ្យលោក មាស នី សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «សង្ឃឹមថា លោក មាស នី លោកវិភាគឱ្យត្រូវបានម្តងមើល ដែលថ្ងៃមុនខ្ញុំនិយាយថាមានបណ្ឌិតម្នាក់ ដែលខ្ញុំមិនបញ្ចេញឈ្មោះ។

ឥឡូវខ្ញុំនិយាយចំឈ្មោះ លោក មាស នី តែម្តង ឈ្មោះនេះវិភាគអន់ណាស់ កម្រិតវិភាគទាបពេក។

សង្ឈឹមថា មាស នី វិភាគឱ្យត្រូវល្អជាងនេះ ហោចណាស់បានពាក់កណ្តាល ជេម សុខ ទៅចុះ»។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លោក ជេម សុខ ក្លាយជាអ្នកវិភាគមួយរូប ដែលបានធ្វើការវែកញែកត្រឹមត្រូវ បើទោះបីគាត់កំពុងរស់នៅក្រៅប្រទេសក៏ដោយ។

សម្តេចថ្លែងថា សម្តេចពេញចិត្តចំពោះការវិភាគរបស់ លោក ជេម សុខ ទោះបីពេលខ្លះគាត់វាយប្រហារចំពោះសម្តេចក៏ដោយ។ លើសពីនេះទៅទៀត សម្តេចបានងឿងឆ្ងល់ថា ហេតុអ្វីបានជាមួយរយៈនេះមិនសូវឃើញ លោក ជេម សុខ ធ្វើការវិភាគដូចមុន។ ក្រៅពីលោក មាស នី សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឌឺដងដល់លោក ឡៅ ម៉ុងហៃ ថាជាបណ្ឌិតម្នាក់ ដែលវិភាគមិនកើតសោះតែម្តង។

សម្តេចបានហៅបណ្ឌិត ឡៅ ម៉ុងហៃ យ៉ាងច្បាស់ៗថា «បណ្ឌិតផេះ»។ នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា៖ «ជេម សុខ ឥឡូវដូចអត់ដែលឃើញចេញទៀត។

គាត់នៅឆ្ងាយពីប្រទេស ប៉ុន្តែគាត់អាចវិភាគ ភាគច្រើនគឺត្រូវ។ បើទោះបីពេលខ្លះ គាត់វាយប្រហារមកលើខ្ញុំ ប៉ុន្តែភាគច្រើនគាត់វិភាគត្រឹមត្រូវរបស់គាត់ ប៉ុន្តែកម្រិតបណ្ឌិត រាប់ទាំងលោក ឡៅ ម៉ុងហៃ អីខ្ញុំថាងាប់ហើយបណ្ឌិតអាធន់ហ្នឹងអី មិនដឹងយកធ្វើផេះអីទេ»។

សម្តេចបន្តថា «យើងនៅទីនេះក៏បណ្ឌិតមិនតិចដែរ មានទាំងបណ្ឌិតសភាចារ្យ ដូចជា ហង់ ជួនណារ៉ុន។ បើបានពាក់កណ្តាល ឬ៣០% ដល់ ហង់ ជួនណារ៉ុន ទៅបានហើយ។

(ឡៅ ម៉ុងហៃ) ទៅធ្វើបណ្ឌិតឡប់ៗមកពីអង្កាល់? ធ្វើឯងជាអ្នកវិភាគសង្គម ដូចជាការវិភាគថា រដ្ឋាភិបាលដូចជាភ័យខ្លាំងណាស់ អាមួយនៅខាងក្រៅស្រែកថាភ័យ អាមួយនៅខាងក្នុងស្រែកថាភ័យដែរ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅលោក មាស នី ដែរថា អ្នកចូលសមរភូមិមិនខ្លាចស្លាប់ដូចសម្តេច មិនចេះខ្លាចនរណានោះឡើយ។

សម្តេចបញ្ជាក់ថា «ចាំតែភ័យជាមួយ ហ៊ុន សែន ទេតើ។ ត្រូវចាំថា អ្នកធ្លាប់ចូលសមរភូមិ ដែលមិនដែលខ្លាចស្លាប់ ពាក្យថាភ័យ គ្មានសម្រាប់វាទេ»៕

ដកស្រង់ពី៖ Fresh News