Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា អនុម័តជាឯកច្ឆ័ន្ទនូវ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ក្រោមសំឡេង១០៦ លើ១០៦

  • Print

(ភ្នំពេញ)៖ ក្នុងចំណោម៤របៀបវារៈ ដែលដាក់បញ្ចូលទៅក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី០៦ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋសភាបានអនុម័តតែរបៀបវារៈមួយប៉ុណ្ណោះ នោះគឺសេចក្តីព្រាងច្បាប់ស្តីពីសំណង់។

សេចក្តីព្រាងច្បាប់នេះ មាន២២ជំពូក និង១១១មាត្រា ត្រូវបានអង្គប្រជុំរដ្ឋសភា អនុម័តជាឯកច្ឆ័ន្ទដោយសំឡេង១០៦ លើ១០៦ នៃសមាជិកសភាដែលចូលរួមប្រជុំ។

ចំណែករបៀបវារៈ៣ទៀត រួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម នឹងត្រូវរដ្ឋសភា លើកយកទៅប្រជុំបន្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ។

លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគររូបណីយកម្ម និងសំណង់ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាបាន អនុម័តនាថ្ងៃនេះ ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ដែលបានតាក់តែងឡើង នៅបរិបទដែលវិស័យសំណង់កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ គឺពង្រឹងការគ្រប់គ្រង គ្រប់ភាគីពាក់ព័ន្ធនិង ការប្រតិបត្តិការងារ ទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ សំណង់ និងសាធារណជន ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទី ក្រុងឱ្យមានសោភណភាព និងបរិស្អាតល្អសម្រាប់ ការរស់នៅប្រកបដោយ ចីរភាព សំដៅលើកកម្ពស់ សុខុមាលភាពសាធារណៈ។

សេចក្តីព្រាងច្បាប់នេះ នឹងបង្កើន គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និង ការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់បង្កើន ការជឿទុកចិត្ត របស់វិនិយោគិន នៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨៕

ដកស្រង់ពី៖ Fresh News