Social Network

លើកកម្ពស់សុវត្ថិភាពចរាចរណ៍ ក្រុមហ៊ុនតូតាល់កាំបូតរៀបចំសិក្ខាសាលា «យុទ្ធនាការគ្មានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ»

(ភ្នំពេញ)៖ ដើម្បីជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជៀងវាងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ក្រុមហ៊ុនតូតាល់កាំបូត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាស្តីពីការដឹកជញ្ជូន ក្រោមប្រធានបទ «យុទ្ធនាការគ្មានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ» ដើម្បីជួយលើកកម្ពស់សុវត្ថិភាពជូនដល់អតិថិជនរបស់ខ្លួន និងធានាឱ្យបានថា រាល់វិធានការ និងស្តង់ដារសុវត្ថិភាពចរាចរណ៍ត្រូវបានអនុវត្ត ក្នុងពេលអនុវត្តប្រតិបត្តិការរបស់ក្រុមហ៊ុនតូតាល់កាំបូត នៅសណ្ឋាគារ ហ្គាឌេនស៊ីធី។ សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាពលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក Asif IQBAL អគ្គនាយកតូតាល់កាំបូត រួមទាំងមានមន្ត្រីពាក់ព័ន្ធ និងអ្នកចូលរួមជាច្រើនទៀតផងដែរ។

លោកស្រី មឹន មាណវី បានលើកឡើងថា អ្នកបើកបររបស់ក្រុមហ៊ុនដឹកជញ្ជូន ដែលបានយល់ដឹងនិងអនុវត្តន៍ពីសុវត្ថិភាពចររាចរណ៍ផ្លូវគោក ដោយមានការទទួលខុសត្រូវនេះ មិនត្រឹមតែបង្កើនប្រសិទ្ធភាពដល់ក្រុមហ៊ុននោះទេ ការមិនបង្ករបញ្ហា បានជួយដល់ក្រុមហ៊ុនក្នុងការជួយសន្សំសំចៃមិនឱ្យបាត់បង់ពេលវេលា និងមិនចំណាយថវិកាថែមទៀតផង ទោះបីជាអ្នកផ្សេងមកបុកប៉ះដ៏ដោយ។

សិក្ខាសាលាក្រោមប្រធាបទ «យុទ្ធនាការគ្មានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ» របស់ក្រុមហ៊ុនតូតាល់កាំបូត ពិតជាបានបង្ហាញនូវគំរូល្អ ដល់អ្នកបើកបរទាំងឡាយ ក៏ដូចជាដល់ក្រុមហ៊ុនផ្សេងៗទៀត ក្នុងការអនុវត្តន៍ច្បាប់ចររាចរណ៍ឱ្យមានប្រសិទ្ធភាព និងជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗផងដែរ។ លោក Asif IQBAL បានថ្លែថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបុព្វហេតុនាំមុខគេនៃការស្លាប់នៅកម្ពុជា ជាមួយនឹងអ្នកចំនួនអ្នករងគ្រោះទូទាំងប្រទេសមានប្រមាណ ៤,៧០០នាក់ ដែលក្នុងនោះ ១,៨០០នាក់ បានស្លាប់ដោយគ្រោះថ្នាក់នៅលើដងផ្លូវក្នុងឆ្នាំ២០១៨ ។

ចំនួនយានយន្ត និងគ្រោះថ្នាក់ដែលកើនឡើងគួរឱ្យកត់សម្គាល់នេះ បង្ហាញពីហានិភ័យខ្ពស់សម្រាប់មនុស្សគ្រប់គ្នានៅលើដងផ្លូវ ហើយវាក៏ជាទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ ដែលមានអាជីវកម្មនៅក្នុងនៅក្នុងឧស្សាហកម្មប្រភេទនេះ។

លោក Asif IQBAL បានបន្ថែមថា សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីរក្សាសុវត្ថិភាពដល់មនុស្សទាំងអស់នៅលើដងផ្លូវ នឹងពង្រឹងការអនុវត្តល្អៗ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងធ្វើការណែនាំយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ឧបករណ៍ និងនីតិវិធីសុវត្ថិភាពស្តង់ដារខ្ពស់ ដើម្បីជំរុញការកែលំអសុវត្ថិភាពចរាចរណ៍នៅប្រទេសកម្ពុជា។

យើងនាំគ្នាបង្កើត «បេសកកម្មដែលអាចធ្វើទៅបាន» ដោយមានគោលដៅទម្លាក់មកនៅត្រឹមកម្រិតសូន្យ ០ នូវឱកាស ដែលអាចកើតឡើងនៃគ្រោះថ្នាក់នៅលើដងផ្លូវ។

សូមបញ្ជាក់ដែរថា សិក្ខាសាលានេះផ្តួចផ្ដើមឡើងដោយផ្នែកដឹកជញ្ជូនរបស់តូតាល់កាំបូត ដែលជាផ្នែកផ្គត់ផ្គង់ផលិតផលដែលមានគុណភាព និងសុវត្ថិភាពជូនដល់អតិថិជន និងធានាថារាល់វិធានការ និងស្តង់ដារសុវត្ថិភាពចរាចរណ៍ត្រូវបានអនុវត្តក្នុងពេលអនុវត្តប្រតិបត្តិការ ដែលត្រូវបានបែងចែកជាវគ្គដាច់ដោយឡែកពីគ្នា និងចូលរួមដោយសិក្ខាកាមប្រមាណ១០០នាក់ ដែលរួមមាន សហគ្រិនសាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូន និងផ្គត់ផ្គង់បរិក្ខាសុវត្ថិភាព តំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

វគ្គនីមួយៗនៃសិក្ខាសាលានេះ បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធសំខាន់ៗជាច្រើននៅក្នុងវិស័យដឹកជញ្ជូន ផ្ដល់បទបង្ហាញពីបច្ចេកវិទ្យា ប្រព័ន្ធការងារ និងវិធីសាស្រ្តរបស់ពួកគេដើម្បីជាការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ។

សូមជម្រាបថា ក្រុមហ៊ុនតូតាល់កាំបូត បានបើកដំណើរនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៩៣ មកម្លេះ ក្រុមហ៊ុនបានចូលរួមនៅក្នុងទីផ្សារកម្ពុជា ដោយផ្ដល់នូវផលិតផល និងសេវាប្រេងឥន្ធនៈជាច្រើនមុខ ដល់អតិថិជនរបស់ខ្លួនទាំងនៅក្នុងវិស័យឯកជន និងវិស័យរដ្ឋ។

បានផ្តល់នូវផលិតផល និងសេវាជាច្រើនប្រភេទ និងមានស្ថានីយប្រេងឥន្ធនៈច្រើនជាង ៩០កន្លែង ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមដងផ្លូវ ព្រមទាំងមានហាងលក់ទំនិញ គ្រប់មុខជាង ៤០កន្លែង ប្រេងឥន្ធនៈវិស័យឧស្សាហកម្ម ប្រេងឥន្ធនៈសម្រាប់យន្តហោះ និងប្រេងរំអិលជាច្រើនប្រភេទ៕

ដកស្រង់ពី៖Fresh News