Social Network

រដ្ឋមន្ដ្រីកសិកម្ម ជួបពិភាក្សាការងារ ជាមួយមន្ដ្រីជាន់ខ្ពស់ឧស្សាហកម្ម ប្រទេសណូវែលហ្សឺឡង់ ដើម្បីពិនិត្យលទ្ធភាព ក្នុងការកសាងកិច្ចសហប្រតិបត្តិការ កម្ពុជា-ណូវែលហ្សឺឡង់

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូ អញ្ជើញមកពីក្រសួងឧស្សាហកម្មបឋម នៃប្រទេសណូវែលហ្សឺឡង់ ដឹកនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីពិនិត្យលទ្ធភាព ក្នុងការកសាងកិច្ចសហប្រតិបត្តិការ កម្ពុជា-ណូវែលហ្សឺឡង់ លើការផ្តល់វិញ្ញាបនបត្រ អេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ (E-Certification on Sanitary and Phyto-Sanitary, SPS)។

ជំនួបនេះ បានធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោកស្រី Jenny Reid បានថ្លែងអំណរគុណ ជូនចំពោះលោករដ្ឋមន្ត្រីដែលបានអនុញ្ញាត ឲ្យលោកស្រី និងគណៈប្រតិភូ បានចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទង និងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ លើ «ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ (E-Certification on Sanitary and Phyto-Sanitary, SPS)» ដែលកិច្ចការនេះ ភាគីណូវែលហ្សឺឡង់ រីករាយនឹងផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស បទពិសោធន៍ មន្ត្រីជំនាញ និងការងារបណ្តុះបណ្តាល ដល់ភាគីកម្ពុជា ហើយលោកស្រីសង្ឃឹមថា កម្ពុជានឹងអាចអនុវត្តប្រព័ន្ធនេះ បាននាពេលអនាគតដ៏ខ្លី ដើម្បីបង្កើនភាពប្រកួតប្រជែង ក្នុងការនាំចេញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារបរទេស។

លោកស្រី បន្ដថា ក្នុងរយៈពេល២ថ្ងៃ នៃដំណើរទស្សនកិច្ចមកកម្ពុជានេះ ទាំងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង និងសិក្ខាសាលា ដែលបានរៀបចំដោយភាគីទាំងពីរ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈសហការ ដែលបានផ្តល់ពីមន្ត្រីជំនាញក្រសួង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដូចការរំពឹងទុក។ ហេតុនេះ ដើម្បីឲ្យកិច្ចសហការរវាងភាគីទាំងពីរ ប្រព្រឹត្តទៅដោយរលូន ក្រុមការងារលោកស្រី នឹងរៀបចំចងក្រងលិខិតបញ្ជាក់អំពីបំណង ដើម្បីធ្វើការចុះហត្ថលេខា ក្នុងពេលឆាប់ៗខាងមុខនេះ។

នាឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលណូវែលហ្សឺឡង់ ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន តាមរយៈគម្រោងអភិវឌ្ឍលើវិស័យកសិកម្ម ការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីជំនាញកសិកម្មកម្ពុជា ឲ្យបន្តការសិក្សានៅប្រទេសណូវែលហ្សឺឡង់។

លោកបានជម្រាបជូនភ្ញៀវថា ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ស្របនឹងគោលនយោបាយរបស់ក្រសួង ដែលបាននិងកំពុង ខិតខំបង្កើនសមត្ថភាព ក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ ទាន់ពេលវេលា និងបរិយាកាសល្អប្រសើរ សម្រាប់វិនិយោគិនស្នើសុំវិញ្ញាបនបត្រ SPS ដើម្បីនាំចេញកសិផល។

តាមរយៈបទពិសោធន៍ ដែលណូវែលហ្សឺឡង់មាន លោកសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការ លើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ នឹងដំណើរការទៅដោយរលូន ហើយក្រសួង ក៏ដូចជាអង្គភាពពាក់ព័ន្ធ នឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឲ្យកិច្ចការនេះ សម្រេចទទួលបានជោគជ័យតាមការគ្រោងទុក៕

ដកស្រង់ពី៖ Fresh News