Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២

  • Print

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ស្របពេលដែលបញ្ហាប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំបន់ កំពុងរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់។

សន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់» ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ការបង្ការទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស «អំពើងជួញដូរមនុស្ស» គឺជាគោលនយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ «អំពើជួញដូរមនុស្ស» តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។

នាយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានមានប្រសាសន៍បានបន្តថា ភាពជឿនលឿននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន។

ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជានៅក្នុងបញ្ហាប្រទេសអាស៊ាន បានជំរុញឱ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជកម្ម និងការវិនិយោគក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។

តាមរយៈចរន្តនៃទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិធ្វើឱ្យកើតនូវ «អំពើជួញដូវមនុស្ស» ជាយថាហេតុនៅក្នុងបញ្ហាប្រទេសសមាជិកអាស៊ាន រួមទាំងបញ្ហាប្រទេសនៅក្នុងតំបន់ផងដែរ។

សម្តេចតេជោតេ មានប្រសាសន៍ថា ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាពស្វែងរកការងារនៅក្នុងស្រុក និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀត ឱកាសបង្កើតឱ្យមាន «អំពើជួញដូរមនុស្ស» ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក និងកុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេសសមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា «អំពើជួញដូរមនុស្ស» នៅកម្ពុជាបច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនុវត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងខ្ជាប់ខ្ជួន។

ហើយជាបន្តបន្ទាប់ ដោយមានកិច្ចសហការល្អ រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ និងតុលាការធ្វើឱ្យកម្ពុជា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានអនុម័ត និងកំពុងរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការបង្ការ ទប់ស្កាត់បង្ក្រាប និងផ្តន្ទាទោស «អំពើជួញដូរមនុស្ស» រួមមាន ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ក្រមព្រហ្មទណ្ណឆ្នាំ២០១០ សេចក្តីព្រាងច្បាប់ស្តីពី «ការពពោះជំនួស» សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា ព្រមទាំងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនទៀត ជាមួយបញ្ហាប្រទេសជាមិត្ត ទាំងក្នុងតំបន់ និងអន្តរជាតិ ទាក់ទងអំពើជួញដូរមនុស្ស ជាពិសេសចំពោះស្ត្រី និងកុមារ ការសង្គ្រោះ ការស្តារឡើវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយ «អំពើជួញដូរ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្ការទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស «អំពើងជួញដូរមនុស្ស» គឺជាគោលនយោបាយដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ «អំពើជួញដូរមនុស្ស» តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។

ការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» លំបាក និងស្មុគស្មាញ គឺជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាន និងសកលលោក។

ដូច្នេះ ដើម្បីប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» នេះឱ្យបានទាន់ពេលវេលា ប្រទេសសមាជិកអាស៊ាន-ចិន ត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងថា អាស៊ានជាសហគមន៍តែមួយ តែមានច្បាប់ដោយឡែកពីគ្នា ដែលពិបាកក្នុងការប្រយុទ្ធប្រឆាំង ជាមួយការជួញដូរ មនុស្ស ក្នុងន័យនេះសម្តេចតេជោ លើកទឹកចិត្តឱ្យខិតខំធ្វើកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងរួមគ្នា ដែលអាចធ្វើទៅបាន។

រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់នយោបាយព្រហ្មទណ្ឌមួយឱ្យបានច្បាស់លាស់។ សម្តេចតេជោបន្តថា ដ្បិតថា តុលាការជាប្រព័ន្ធឯករាជ្យ តែបើរាជរដ្ឋាភិបាលមិនមាននយោបាយព្រហ្មទណ្ឌមួយច្បាស់លាស់ទេ នឹងមានគ្រោះថ្នាក់ដល់ដំណើរការរបស់រដ្ឋ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជ ថា កម្ពុជា ជ្រើសរើសប្រព័ន្ធមួយដែលមានកិច្ចសហប្រតិបត្តិការមួយជាប់លាប់រវាងតុលាការ ជាមួយស្ថាប័ននីតិប្រតិបត្តិ ដើម្បីការគ្រប់គ្រងរដ្ឋមួយបានជាប់លាប់។

សម្តេចសង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ដែលជាវេទិកា ពង្រឹងកិច្ចសហប្រតិបត្តិការ ពារប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» និងបទល្មើសឆ្លងដែនគ្រប់រូបភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បញ្ហាប្រជាជននៅក្នុងប្រទេសអាស៊ាន- ចិន និងនៅក្នុងតំបន់៕

ដកស្រង់ពី៖ Fresh News