Social Network

កម្ពុជាត្រូវការថវិកាជិត ៦០ពាន់លានដុល្លារ ដើម្បីសម្រេចផែនការអភិវឌ្ឍជាតិពីឆ្នាំ២០១៩ ដល់២០២៣

(ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ត្រូវបានប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ បានបង្ហាញថា កម្ពុជាត្រូវការថវិកាជិត ៦០ពាន់លានដុល្លារអាមេរិក ដើម្បីសម្រេចរាល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំនេះ។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ចែកចេញជា៧ជំពូក ដោយបានរៀបរាប់លំអិតនូវផែនការនានា ដើម្បីធានាដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

ក្នុងជំពូកទី៥នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បានបង្ហាញពីការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការធ្វើឱ្យសម្រេចបាននូវចំណុចគោលដៅទាំងឡាយ។

ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំនេះ ត្រូវការប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅស្រុក ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជនប្រមាណជា ៥៩.៩ពាន់លានដុល្លារអាមេរិក។

ក្នុងនោះការវិនិយោគមូលធនរបស់វិស័យឯកជនមានចំនួនប្រមាណ ៤៣.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង ៧២.៥% នៃទុនវិនិយោគសរុប និងវិនិយោគមូលធននៃវិស័យសាធារណៈប្រមាណ ១៦.៤ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៧.៥% នៃទុនវិនិយោគសរុប។

ក្នុងពេលអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣ គឺជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ, កម្មវិធីនយោបាយ អភិវឌ្ឍជាតិ ប្រកបដោយចីរភាព, ឆ្លើយតបទៅនឹងបរិការណ៍អភិវឌ្ឍសង្គម-សេដ្ឋកិច្ច, បញ្ហាប្រឈម និង កាលានុវត្តភាព ទាំងឡាយ ដែលជាបញ្ហារួមរបស់សង្គមជាតិ ដើម្បីឈានទៅសម្រេចបានគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

បើទោះបីជាយ៉ាងណាដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យដោះស្រាយបន្ថែមទៀតលើបញ្ហាប្រឈមមួយចំនួន ដែលមិនទាន់សម្រេចបានស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ កន្លងមក។

លើសពីនេះទៀត កម្ពុជាត្រូវបន្តអនុវត្តយន្តការនានា ដើម្បីធានាប្រសិទ្ធភាព និងភាពជោគជ័យ ដែលជាកត្តាធានានូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម, ការជំរុញវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ ឱ្យមានល្បឿនលឿន តាមរយៈការ ពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលំទូលាយជាងមុន ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់, ទាំងក្នុងតំបន់ និងពិភពលោក ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវអនុសាសន៍ចំនួន៥បន្ថែមទៀត ដើម្បីសម្រេចបាននូវការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣។ អនុសាសន៍ទាំង៥នោះរួមមាន៖

ទី១៖ ត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយជាតិជាមួយសហគមន៍ដៃគូអភិវឌ្ឍ, អ្នកផ្តល់ហិរញ្ញប្បទាន, ដោយបង្កើនអភិបាលកិច្ច, ជំរុញអនុវត្តកម្មវិធីកែទម្រង់លើគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព, តាមរយៈការពួតផ្តុំគ្នាជាប្រព័ន្ធប្រទាក់ក្រឡាគ្នាតែមួយ និងយោងគ្នាទៅវិញទៅមក ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍសេដ្ឋកិច្ច, សង្គមកិច្ច, គ្រប់គ្រងធនធានធម្មជាតិ, បរិស្ថាន ឱ្យបានកាន់តែល្អប្រសើរ។

ទី២៖ គ្រប់ក្រសួង-ស្ថាប័នញក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍតាមវិស័យរៀងៗខ្លួន តាមរយៈការពិនិត្យមើលឡើងវិញនូវរាល់គម្រោង ឬ កម្មវិធីកំពុងដំណើរការ ព្រមទាំងគម្រោង ឬ កម្មវិធីថ្មីៗ ដែលនៅបន្តគាំទ្រ ដោយធនធានពីក្នុង និងក្រៅប្រទេស ដើម្បីធានាសង្គតិភាព, ឤទិភាព ដោយផ្សារភ្ជាប់ជាមួយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ព្រមទាំងរៀបចំកម្មវិធីវិនិយោគសាធារណៈ តាមរយៈការប៉ាន់ស្មានតម្លៃតាមវិស័យឱ្យបានទាន់ពេលវេលា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។

ទី៣៖ គ្រប់រាជធានី-ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍខេត្ត រាជធានីរបស់ខ្លួន និងត្រូវគិតគូររៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ស្របតាមឤណត្តិរបស់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដើម្បីអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ និងការសម្រេចចិត្តលើការស្នើសុំធ្វើវិនិយោគ ដែលបានកំណត់ដោយច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ទី៤៖ ដៃគូអភិវឌ្ឍ ទាំងពហុភាគី និងទ្វេភាគី ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តធានាថា ក្របខណ្ឌនៃ ជំនួយសម្រាប់ការអភិវឌ្ឍរបស់ខ្លួន បានតម្រឹម និងតម្រង់ទិសដៅចំជាមួយនឹងឤទិភាពទាំងឡាយនៃ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ២០១៩-២០២៣ ហើយហិរញ្ញប្បទានអភិវឌ្ឍត្រូវបានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈផងដែរ។

ដៃគូអភិវឌ្ឍទាំងអស់ ត្រូវធានាថា ធនធានទាំងឡាយ ដែលត្រូវផ្តល់ទៅអង្គការមិនមែនរដ្ឋាភិបាល ត្រូវសមស្របទៅនឹង ឤទិភាព និងគោលដៅអភិវឌ្ឍ ដូចមានចែងក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ហើយធនធានទាំងនោះ ត្រូវបានយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និង ការទទួលខុសត្រូវ។

ទី៥៖ ក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍទាំងអស់ ដែលកំពុងផ្តល់ហិរញ្ញប្បទានដល់សកម្មភាពកម្មវិធីគម្រោងនានា ត្រូវត្រូតពិនិត្យ និង វាយតម្លៃយ៉ាងទៀតទាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការអនុវត្តផែនការសកម្មភាពកម្មវិធី គម្រោងទាំងនោះ ហើយត្រូវផ្ញើរបាយការណ៍ស្តីពីលទ្ធផលនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ មកក្រសួងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុងការវាយតម្លៃស្តីពីវឌ្ឍនភាព ក្នុងការសម្រេចបានគោលដៅ និង ចំណុចដៅនៃការអភិវឌ្ឍ ដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣៕

ដកស្រង់ពី៖ Fresh News