Social Network

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក ស្ដីពី «ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ» នាដើមខែធ្នូ ខាងមុខនេះ

(សៀមរាប)៖ នៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមផ្តល់ សេវាការងារសាធារណៈពិភពលោក (WAPES) ស្ដីពី «ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ (Digitalization in Public Employment Services)» នៅសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា សៀមរាប។

សមាគម WAPES ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៨៨ មានមូលដ្ឋាននៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ៊្សិក ហើយមានសមាជិកសរុបចំនួន៨២ប្រទេស តាមបណ្តា ទី្វបនានា ដែលមានតួនាទីជាវេទិកាពិភពលោក ក្នុងការលើកកម្ពស់ដល់ការចែករំលែកចំណេះដឹង ពាក់ព័ន្ធការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ក្នុងចំណោមរដ្ឋសមាជិកទាំងអស់។

នៅឆ្នាំ២០១៣ ទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលជាសមាជិកថ្មីមួយរបស់ WAPES ក្នុងចំណោមសមាជិកចំនួន១២នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសន្និសីទអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េ ដែលជាអនុប្រធាន WAPES ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលេខាធិការដ្ឋានប្រតិបត្តិរបស់ WAPES។

សន្និសីទអាស៊ី-ប៉ាស៊ីហ្វិករបស់ WAPES ឆ្នាំ២០១៩នេះ ផ្តោតលើប្រធានបទ «ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ» ដែលផ្តល់សារៈប្រយោជន៍ដោយផ្ទាល់ យ៉ាងធំធេង សម្រាប់ប្រទេសកម្ពុជា ស្ថិតក្នុងចរន្តកាន់តែខ្លាំងឡើងនៃឌីជីថលភាវូបនីយកម្ម បូកជាមួយនឹងសកលភាវូបនីយកម្ម និងហិរញ្ញវត្ថុភាវូបនីយកម្ម បាននឹងកំពុងជះឥទ្ធិពលឱ្យមានការផ្លាស់ប្តូរ ជាខ្លាំងដល់កទំនាក់ទំនងផលិតកម្ម ឥរិយាបថប្រើប្រាស់ របៀបរបបធ្វើធុរកិច្ច រចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ ព្រមទាំងការផ្តល់សេវាសាធារណៈនានា។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មាន និងឌីជីថលនេះ បានជះឥទ្ធិពលផ្ទាល់ដល់សេវាការងារសាធារណៈ តាមរយៈការធ្វើឱ្យមាន ការផ្លាស់ប្តូរយ៉ាងខ្លាំងនូវបរិយាកាស ក្នុងការធ្វើប្រតិបត្តិការ និងការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់ ដើម្បីធ្វើឌីជីថលនីយកម្មដំណើរការ និងការផ្តល់សេវា។

សន្និសីទនេះ គឺជាសកម្មភាពយ៉ាងសំខាន់មួយក្នុងចំណោមសកម្មភាពសំខាន់ៗ របស់ WAPES ក្នុងគោលបំណងដើរតួនាទីដ៏ចម្បងនៅលើឆាកអន្តរជាតិ តាមរយៈការបង្កើតជាវេទិកា សម្រាប់ការសិក្សា និងការកសាងចំណេះដឹង, និងជាអ្នកផ្តល់ការគាំទ្រដល់សមាជិកក្នុងការបង្កើនជំនាញរបស់ខ្លួន ពាក់ព័ន្ធការផ្តល់ សេវាការងារសាធារណៈ។

កន្លងមកកម្ពុជាក៏បានទទួលការគាំទ្រផ្នែកបច្ចេកទេសចំណេះដឹង និងការបណ្តុះបណ្តាលជាច្រើនក្នុងការអភិវឌ្ឍសេវាការងារ សាធារណៈរបស់ខ្លួនផងដែរ។

សន្និសីទនេះត្រូវបានធ្វើឡើងត្រូវចំកាលៈទេសៈ និងមានសារៈប្រយោជន៍យ៉ាងខ្លាំង ដោយបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេសសមាជិកទាំងអស់ចែករំលែក ស្វែងយល់ និងដកស្រង់យកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អក្នុងការសិក្សា និងការចាប់យកមកប្រើប្រាស់នូវបច្ចេកវិទ្យាបច្ចុប្បន្ន និងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រមទាំងពង្រួមគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេស សម្រាប់ប្រទេស ដែលទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈ ដូចជាកម្ពុជាក្នុងការខិតខំធ្វើដំណើរឈានទៅសម្រេចជោគជ័យ នូវគោលដៅចុងក្រោយ គឺការប្រែក្លាយទៅជាសេវាការងារសាធារណៈឌីជីថលពេញលេញ។

កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាពដល់រាល់សកម្មភាពរបស់ WAPES ក្នុងការឈានទៅសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួននេះ៕

ដកស្រង់ពី៖ Fresh News