Social Network

រដ្ឋមន្រ្តី វង សូត ជួបថ្នាក់ដឹកនាំសកលវិទ្យាល័យ ២នៅអាមេរិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការពារកុមារ យុវជន មនុស្សចាស់ និងជនអនាថា

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានជួបពិភាក្សាការងារជាមួយលោកស្រី សាស្ត្រាចារ្យ បណ្ឌិត វីដា វណ្ណច័ន្ទ សាស្ត្រាចារ្យរង នៃសកលវិទ្យាល័យញ៉ូវយ៉ក សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Cornell និងប្រតិភូនិស្សិតជាច្រើនរូបទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍របស់ក្រសួងសង្គមកិច្ច ទៅលើការងារ កិច្ចការពារកុមារ យុវជន មនុស្សចាស់ និងជនអនាថា នាទីស្តីការក្រសួងសង្គមកិច្ច។

លោក វង សូត បានបន្ថែមទៀតថា ជំនួបនាពេលនេះ ក៏ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ការងារ អំពីវឌ្ឍនភាព ក្នុងការដឹកនាំការងារក្រសួង ដោយផ្តល់គោលនយោបាយ និងកម្មវិធីផ្សេងៗជួយដល់កុមារ យុវជន មនុស្សចាស់ និងប្រជាជនក្រីក្រ ដែលជាជនរងគ្រោះនិងងាយរងគ្រោះ ព្រមទាំងរៀនសូត្រស្វែងយល់ ពីការផ្លាស់ប្តូរសង្គមកម្ពុជា តម្រូវការសង្គម បញ្ហាប្រឈម ផែនការជោគជ័យ និងការខិតខំដោះស្រាយបញ្ហាមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានជួបពិភាក្សាគ្នាទៅលើចំណុចមួយចំនួនរួមមាន៖ *១៖ ការងារកិច្ចគាំពារកុមារ ផ្តោតលើ ច្បាប់យុត្តិធម៌អនីតិជន អនុសញ្ញាស្តីពីសិទ្ធិកុមារ អនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ គោលនយោបាយថែទាំជំនួសចំពោះកុមារ របបគោលនយោបាយឧបត្ថម្ភកុមាររស់នៅក្នុងមជ្ឈមណ្ឌល។ *

 

២៖ ការងារកិច្ចគាំពារយុវជន សំដៅលើការគ្រប់គ្រង មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំង ៨ កន្លែងកំពុងជួយដល់ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងថ្មីៗនេះបានសាងសង់រួចរាល់មជ្ឈមណ្ឌលនៅកែវផុសមួយទៀត។

គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ មានជនរងគ្រោះ កំពុងទទួលសេវាស្តារនីតិសម្បទាចំនួនប្រមាណ ៣៤២៤នាក់ (ស្រី ១៥១)។

*៣៖ ការងារកិច្ចគាំពារមនុស្សចាស់ ផ្តោតទៅលើ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ បង្កើតសមាគមមនុស្សតាមបណ្តាឃុំ-សង្កាត់។

*៤៖ ការងារកិច្ចគាំពារប្រជាជនក្រីក្រ ដោយពិភាក្សាពីការផ្តល់ជំនួយសង្រ្គោះបន្ទាន់ និងសម្ភារៈផ្សេងៗ ដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

បន្ថែមពីលើនោះ លោក វង សូត បានប្រាប់ថ្នាក់ដឹកនាំសកលវិទ្យាល័យញ៉ូវយ៉ក សហរដ្ឋអាមេរិក និង សាកលវិទ្យាល័យ Cornell អំពីទិវាជ័យជំនះ ៧ មករាផងដែរ។

លោក វង សូត បានបញ្ជាក់ថា កើតចេញពីបាតដៃទទេ ក្រោយថ្ងៃ៧មករា ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខ សន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យ ការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព

សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។

លោក វង សូត បានបន្ថែមថា ទិវាជ័យជំនះ ៧ មករា គឺដើម្បី រំលឹកដល់ថ្ងៃដែលគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ហើយព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តនេះ គឺជា សក្ខីភាពមួយ

បង្ហាញអំពីស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះកម្មាភិបាល និងប្រជាជន ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពដ៏អង់អាចក្លាហាន ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិប តេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា៕

ដកស្រង់ពី៖ Fresh News