Social Network

មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះគ្រោះអាសន្ននានា ដែលកើតឡើងជាយថាហេតុនៅក្បែរព្រលានយន្តហោះ

(ភ្នំពេញ)៖ តាមរយៈការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំស្តីពី «សន្តិសុខ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជា បានត្រៀមលក្ខណៈ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្ការ និងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះគ្រោះអាសន្ននានា ដែលអាចកើតមានជាយថាហេតុនៅក្នុង និងនៅក្បែរអាកាសយានដ្ឋានសំដៅកាត់បន្ថយផលប៉ះពាល់លើអាយុជីវិតមនុស្ស អ្នកដំណើរ និងប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

នេះជាការបញ្ជាក់របស់ លោក ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។ ការធ្វើលំហាត់លំហាត់សមយុទ្ធទ្រង់ទ្រាយធំស្តីពី «សន្តិសុខ» នេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ក្រោមការបញ្ជាដោយផ្ទាល់ ពីសំណាក់ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខ អាកាសចរស៊ីវិល, ទេសរដ្ឋមន្ត្រី ឱម យិនទៀង អនុប្រធានគណៈកម្មាធិការជាតិសន្តិសុខ អាកាសចរស៊ីវិល និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ជា អូន បានបន្តថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដែលប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅឆ្នាំ២០២០នេះ គឺជាលើកទីមួយដែលផ្តោតលើប្រធានបទ «សន្តិសុខ» ដែលបណ្តាឆ្នាំកន្លងមកការធ្វើលំហាត់សមយុទ្ធបានផ្តោតតែលើប្រធានបទស្តីពី «សុវត្ថិភាព« ក្នុងវិស័យអាកាសចរស៊ីវិលប៉ុណ្ណោះៗ

លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃលើផែនការ គ្រប់គ្រងគ្រោះអាសន្ន ត្រួតពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅបន្ទប់គ្រប់គ្រងគ្រោះអាសន្ន ក៏ដូចជាត្រួតពិនិត្យលើក្រុមការងារគ្រប់គ្រង ពេលមានអាសន្នកើតឡើង ជាទីការដឹកនាំបញ្ជាចាត់ចែង និងការសម្រេចចិត្តក្នុងការជួយ សង្គ្រោះជនរងគ្រោះដែលកើតចេញពីឧបទ្ទវហេតុនានា ដែលកើតនៅក្នុង និងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ។

លោក ជា អូន បានឱ្យដឹងថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ដែលរួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលជាច្រកទ្វារអន្តរជាតិ បាននឹងកំពុងដើរនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាព របស់កម្ពុជានៅលើឆាកអន្តរជាតិ

ក៏ដូចជាធ្វើសមាហរណកម្មកម្ពុជា នៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងរួមចំណែកដល់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងថ្មីៗនេះ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានទទួលនូវជយលាភីជាអាកាសយានដ្ឋានល្អបំផុតទាក់ទងនឹងកំណើនអ្នកដំណើរប្រកបដោយចីរភាព

ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ២០១៥។ លោកបានបន្ថែមទៀតថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ របស់អាកាសចរស៊ីវិល ត្រូវបានកំណត់ឱ្យធ្វើនៅក្នុង និងជុំវិញបរិវេណ អាកាសយានដ្ឋានអន្តរជាតិ និងត្រូវអនុវត្តជាទៀងទាត់រៀងរាល់២ឆ្នាំម្តង ចំពោះសមយុទ្ធទ្រង់ទ្រាយធំ១ឆ្នាំម្តង សម្រាប់លំហាត់សមយុទ្ធតាមផ្នែក

និង៦ខែម្តង សម្រាប់លំហាត់សមយុទ្ធ ដែលបង្ហាញលើតុ។ លោក ជា អូន បានបញ្ជាក់ថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មាន១២ ព្រឹត្តិការណ៍សេណារីយ៉ូ (Scorario) និងមានការចូលរួមពីសំណាក់ អង្គភាពអន្តរាគមន៍មក

ពីខាងក្រៅ រួមមានដូចជា៖ កងពលតូច «ង៧០», កងកម្មង់ដូទី១១ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម, ទ័ពអាកាស ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច និងបុគ្គលិកភ្នាក់ងារឯកជន ដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរ៕

ដកស្រង់់ពី៖ Fresh News