Social Network

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតចូលរួមអបអរសាទរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លាឧត្តុង្គឧត្តម ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃ.ពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខ្ញុំ និង សហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវក្តីអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ សូមបានប្រកបដោយសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ ជន្មាយុយឺនយូរ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមកោតសសើរ ចំពោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយ ចិត្ដ ប្រាជ្ញា ស្មារតី ពេលវេលា និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិត សក្តានុពល ឧត្តមភាព ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ មានការអភិវឌ្ឍទទួលបានជោគជ័យត្រចះត្រចង់ជាបន្តបន្ទាប់

ទប់ស្កាត់បាននូវសកម្មភាពភេរវកម្ម បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បានឧបាយកលទុច្ចរិតដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ចូលរួមធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវខឿនសន្តិសុខជាតិរឹងមាំ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសង្គមត្រូវបានធានា ប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្តៅ

លប់បំបាត់បានភាពអសកម្ម ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា។

យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ

ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ដកស្រង់ពី៖ Fresh News