Social Network

ADB គ្រោង​ផ្ដល់​ហិរញ្ញវត្ថុ​ជាង​១៣០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍​ពី​២០២១-២០២៣

រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍កម្ពុជា សម្រាប់ឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានសម្រេចផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ១៣០០លានដុល្លារអាមេរិក ដែលហិរញ្ញប្បទាននេះ នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងដោះស្រាយនូវបញ្ហាសំខាន់ៗមួយចំនួន ។

ថ្លែងក្នុងកិច្ចប្រជុំតាមរយៈ Video Conference រវាងនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី និងលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នោះលោក វង្សី វិស្សុត បានអោយដឹងថារាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ជាក់ស្តែងមួយចំនួន ដើម្បីធានាថារាល់កម្មវិធី និងគម្រោងអភិវឌ្ឍន៍ទាំងអស់ដែលកំពុងអនុវត្ត និងបញ្ជីគម្រោងស្នើសុំថ្មីៗត្រូវបានអនុវត្តទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជម្ងីកូវីដ១៩ ត្រូវបានបញ្ចប់ ។

លោកបានបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែរៀបចំនូវសេចក្តីព្រាងផែនការសម្រាប់ជំរុញសេដ្ឋកិច្ចដោយផ្អែកលើសភាពការណ៍វិវត្តន៍ និងគោលការណ៍សំខាន់ៗចំនួន៤ រួមមាន

១. និន្នាកាសកលបន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩

(២).ការកំណត់ និងជ្រើសរើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់,

៣.ការកែទម្រង់ រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម និង

(៤).ការបង្កើនចំណាយថវិកាកាន់តែធំជាងមុន និងកាន់ តែមានប្រសិទ្ធភាពខ្ពស់ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការ បោះសញ្ញាប័ណ្ណក្នុងស្រុកនាពេលខាងមុខ ដោយឯកឧត្តមបានសង្កតធ្ងន់ថា កម្ពុជានៅមានលំហក្នុងការខ្ចី ថ្មីបន្ថែម ដោយសារអនុបាតបំណុលគន្លឹះៗទាំងអស់របស់កម្ពុជាមានកម្រិតទាបនៅឡើយ ធៀបនឹងអនុបាតគោលតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។

បើតាមលោកស្រី Durrani-Jamal នាយិកាគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានអោយដឹងថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០នេះត្រូវបានព្យាករណ៍ថានឹងមានកំណើន ប្រមាណ២,៣ភាគរយ ហើយក្នុងឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងកើនឡើងដល់៥,៧ភាគរយ ។

គួរបញ្ជាក់ថា តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២១-២០២៣នេះ ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងនឹងចូលរួមយ៉ាងសកម្មក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធ សាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់ខ្លួនសម្រេចបានជោគជ័យក៏ដូចជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ។

គិតមដល់បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ជាង៤ពាន់លានដុល្លារអាមេរិក ដោយផ្ដោតលើវិស័យធំៗជាច្រើន តែក្នុងនោះវិស័យដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី មានវិស័យអភិវឌ្ឍន៍ជនបទកសិកម្ម និងធនធានធម្មជាតិ វិស័យដឹកជញ្ជូន វិស័យ ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ អប់រំ ហិរញ្ញវត្ថុ និងវិស័យគ្រប់គ្រងសាធារណៈ ៕

ដកស្រង់ពី៖ កោះសន្តិភាព