Social Network

រដ្ឋមន្ដ្រីក្រសួងវប្បធម៌ អំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ បើភ្លេចខ្លួនវានឹងធ្វើឱ្យគ្រោះថា្នក់ធ្ងន់ធ្ងរ

(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ បើភ្លេចខ្លួន មិនអនុវត្ដទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ជំងឺឆ្លងដ៏កាចសាហាវនេះ នឹងអាចកើតមាន ឬឆ្លងគ្រប់ពេល ស្របដែលមិនទាន់មានវ៉ាក់សាំងការពារនោះ។

រដ្ឋមន្ដ្រី ភឿង សកុណា បានថ្លែងបន្ដថា «ទោះពេលនេះកម្ពុជាយើង មានករណីឆ្លងត្រឹមតែ១២២នាក់ អ្នកជាសះស្បើយរហូតដល់ទៅ១២០នាក់ តែយើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ ឱ្យតែយើងភ្លេចខ្លួន មិនប្រកាន់ខ្ជាប់វិធានការពារ ស្របពេលយើងគ្មានវ៉ាក់សាំង វានឹងអាចឆ្លងវិញ នឹងគ្រោះថ្នាក់ធ្ងន់ធ្ងន់ សូមបន្ដឱ្យមានការប្រុងប្រយ័ត្នទៅមុខទៀត ដើម្បីឱ្យវាបាត់ពីប្រទេសយើងតែម្ដង ហើយអនុវត្ដទៅអ្វីដែលជាវិធានការ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល»។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសនាំយកនូវថវិការបស់និស្សិតខ្មែរ សិក្សានៅប្រទេសបារំាងចំនួន ៣,០០០ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ភឿង សកុណា បានថ្លែងបន្ដថា «យើងខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរបស់យើង ដែលលះបង់ខ្ពស់ ក្នុងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា មិនថាជនជាតិខ្មែរ និងជនបរទេស បានជាសះស្បើយជាបន្ដបន្ទាប់ ដែលក្នុងចំណោម១២២នាក់ នៅសល់អ្នកឈឺតែ២នាក់ប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ»។

ជាក់ស្ដែងឃើញហើយថា ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ បានរាតត្បាតនៅទូទាំងសកលលោក ចំនួនឆ្លងមានរហូតដល់ទៅ ជាង៤លាននាក់ ស្លាប់រហូតដល់ជាង២៥ម៉ឺននាក់ ជាចំនួនដ៏ច្រើនណាស់។

ដូច្នេះសូមប្រជាពលរដ្ឋ បន្ដអនុវត្ដទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល ការសម្អាតដៃ និងខ្លួនប្រាណឱ្យបានស្អាតជានិច្ច ការរក្សាគម្លាត កុំមានការជួបជុំ ដើម្បីចៀសផុតពីជំងឺកូវីតដ១៩។ ទន្ទឹមនឹងនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងនិស្សិតខ្មែរសិក្សានៅប្រទេសបារាំង ដែលបានកៀរគរគ្នា ដើម្បីប្រមូលថវិកា ចូលរួមចំណែកជាមួយគ្រូពេទ្យជួរមុខ ប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩នៅកម្ពុជា។

លោកស្រីបានបន្ដទៀតថា «នេះជាការបង្ហាញកាយវិការសប្បុរសធម៌មួយ ចេញពីទឹកចិត្ដគោរពស្រលាញ់ និងកោតសរសើរដល់ក្រុមគ្រូពេទ្យកម្ពុជា ដែលខិតខំលះបង់កម្លំាងកាយ កម្លាំងចិត្ដ ពេលវេលា និងផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគោរពបានយ៉ាងខ្ជាប់ខ្ជួនអនុវត្ដបានយ៉ាងល្អ នូវ ការណែនាំនានារបស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏ដូចជាបទបញ្ជានានា ដែលបានដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលទាំងអស់នេះ ជាការប្ដេជ្ញាចិត្ដរបស់ក្រុមគ្រូពេទ្យយើង និងប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនផ្ដល់ការពិនិត្យជំងឺកូវីដ១៩នៅកម្ពុជា ជាសះស្បើយស្ទើរ១០០%»។

ជាមួយគ្នានោះ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជួរមុខប្រចាំការជាប់ជាមួយអ្នកជំងឺកូវីដ១៩ សរុបប្រមាណ១០០នាក់ ដែលបានបែងចែកការងារនៅតាមក្រុម។

បច្ចុប្បន្ននេះ ទោះនៅសល់អ្នកជំងឺចំនួន២នាក់ ក៏ក្រុមគ្រូពេទ្យជួរមុខនៅតែប្រចាំការជាប់ជានិច្ច ដោយមិនមានការធ្វេសប្រហែស ដើម្បីត្រៀមករណីផ្ទុះមួយណាកើតឡើង។

លោក ងី ម៉េង ថ្លែងបន្ដថា គិតត្រឹមពីខែមករា ដល់ខែឧសភានេះ អ្នកមកធ្វើតេស្ដរកមេរោគកូវីដ១៩ ប្រមាណជាង៤,០០០នាក់ មានប្រជាពលរដ្ឋខ្មែរប្រមាណ៧០% និងជនបរទេស៣០%, អ្នកវេជ្ជមានកូវីដ១៩ មានចំនួន២២នាក់៕

ដកស្រង់ពី៖ Fresh News