Social Network

រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើអូស្ត្រាលីជួយកសាងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលោក ប៉ាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានជួបជជែករិះរកយន្តការមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី។

ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានគូសរំលេចអំពីសកម្មភាពមួយចំនួនដែលរដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្មកម្ពុជា មានដូចជា ការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែងជាដើម។

អូស្ត្រាលី ក៏កំពុងតែសិក្សា និងគ្រោងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះ លើគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ។ លោក ប៉ាន ស័រស័ក្តិ បានថ្លែងអំណរគុណចំពើកិច្ចសហប្រតិបត្តិការ និងជំនួយទាំងឡាយរបស់អូស្ត្រាលី សម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា និងអូស្ត្រាលី ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ)។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានរំលឹកថា កម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនោះឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានស្នើសុំអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗក្នុងវិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តនូវអនុសាសន៍នៃយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា កម្ពុជា និងអូស្ត្រាលី គួរពិនិត្យលទ្ធភាពក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យបានកាន់តែខ្លាំងថែមទៀត។ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា ក្រុមហ៊ុនអូស្ត្រាលីមួយក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី៕

ដកស្រង់ពី៖ Fresh News