Social Network

ឯកអគ្គរដ្ឋទូតបារាំង ចូលជួបលោក កឹម សុខា និងចាត់ទុកជំនួបរវាងសម្តេចតេជោ និងលោក កឹម សុខា ជា «ជំហានល្អមួយ»

(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី អ៉ីវ៉ា ង្វៀនប៉ិញ ចូលជួបសួរសុខទុក្ខ និងពិភាក្សាលើការងារមួយចំនួន។

លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា បានបញ្ជាក់លើ Facebook ថា ក្នុងជំនួបនេះក្រៅតែពីការសាកសួរសុខទុក្ខ លោក កឹម សុខា និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីបញ្ហាសង្គម និងសេដ្ឋកិច្ចក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាអំពីស្ថានភាពនាពេលអនាគត។

លោក មុត ចន្ថា បានគូសបញ្ជាក់ដែរថា ក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីជំនួបរវាងលោក កឹម សុខា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅផងដែរ។

លោក មុត ចន្ថា បានអះអាងថា លោកស្រីឯកអគ្គរដ្ឋទូតចាត់ទុកជំនួបនេះ ជាជំហានល្អមួយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែឧសភា លោក កឹម សុខា ក៏បានទទួលជួបការសាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។

ក្នុងជំនួបនេះ ទាំងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុប សុទ្ធតែបានសម្តែងការសាទរចំពោះជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក កឹម សុខា។

ជំនួបជាបន្តបន្ទាប់រវាងលោក កឹម សុខា ជាមួយតំណាងប្រទេសមហាអំណាចនៅតំបន់អឺរ៉ុប បានធ្វើឡើងបន្ទាប់ពីមានជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា រយៈពេលប្រមាណជា ៥០នាទី កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ ក្នុងពេលលោក កឹម សុខា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ប៊ុន ស៊ាងលី មាតាក្មេករបស់សម្តេចតេជោ៕

ដកស្រង់ពី៖ Fresh News