Social Network

ជំរុញកសិករ​ដាំ​​បន្លែ​ក្នុង​ផ្ទះ​សំណាញ់​បន្ថែម​​ដើម្បីកាត់បន្ថយ​ការ​នាំ​​ចូលពី​ប្រទេស​ជិតខាង​

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ លោកខៀវ គង់ ទីប្រឹក្សាបច្ចេកទេសដាំដុះរបស់គម្រោងអង្គការស្កាយ តាមរយៈមន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពត បានបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាកសិករនៅក្នុងសហគមន៍ដាំបន្លែក្នុងផ្ទះសំណាញ់ ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។

លោកខៀវ គង់ ទីប្រឹក្សាបច្ចេកទេសរបស់អង្គការស្កាយ បានឱ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាលដល់ប្រជាកសិកនៅក្នុងសហគមន៍នៅភូមិកូនសត្វនិងការបើកវគ្គដល់មន្ត្រីជំនាញតាមបណ្ដាស្រុក នាពេលនេះ មានការចុះអនុវត្តផ្ទាល់ដោយដាំបន្លែនីមួយៗនៅតាមសហគមន៍ដែរ ។

លោកបានបន្តថា ផ្ទះសំណាញ់ដាំបន្លែដោយប្រីប្រាស់ជីធម្មជាតិនិងការពារសត្វល្អិតនៅក្នុងខេត្តកំពតមានចំនួន៦កន្លែងផ្សេងៗគ្នា គឺនៅស្រុកបន្ទាយមាសមានផ្ទះសំណាញ់ចំនួន២កន្លែង ស្រុកឈូកមានផ្ទះសំណាញ់ចំនួន១កន្លែង នៅស្រុកជុំគីរីមានផ្ទះសំណាញ់ចំនួន២កន្លែង និងនៅស្រុកទឹកឈូមានផ្ទះសំណាញ់មួយកន្លែង ។

លោកបានបន្តឱ្យដឹងថា ផ្ទះសំណាញ់សម្រាប់ការដាំដុះបន្លែនៅក្នុងសហគមន៍ការពារសត្វល្អិតនិងប្រើប្រាស់ជីធម្មជាតិ នៅក្នុងសហគមន៍ទាំង៦នៅស្រុកផ្សេងៗគ្នានេះ ខាងមន្ត្រីកសិកម្មខេត្តក៏ដូចជាអង្គការជាដៃគូបានជំរុញអោយប្រជាកសិកក្នុងសហគមន៍ដាំដុះបន្តនូវបន្លែជាច្រើនមុខ ដោយមានការដាំដុះនៅក្នុងសហគមន៍មានការកើនឡើងបែបនេះ អាចកាត់បន្ថយបន្លែនាំចូលពីប្រទេសជិតខាងបានមួយចំណែកផងដែរ។

លោកបន្តថា ពាក់ព័ន្ធការផ្ទុះជំងឺកូវីដ១៩ គឺមិនបានប៉ះពាល់ដល់ការនាំបន្លែចូលទៅក្រុងភ្នំពេញទេ។ អ្នកស្រីម៉ក់ឆេង លាន ជាតំណាងអោយសហគមន៍នៅភូមិកូនសត្វ បានអោយដឹងថា ប៉ុន្មានឆាំ្នចុងក្រោយនេះ ការដាំដុះនៅក្នុងសហគមន៍មានការរីកចំរើនក្នុងរយៈពេលតែ៣ខែ ត្រូវបានប្រមូលផល ។ ស្

ត្រីជាតំណាងសហគមន៍ដាំបន្លែបានបន្តថា ទោះជាមានផ្ទុះករណីជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែបន្លែគ្រប់ប្រភេទនៅក្នុងសហគមន៍ត្រូវបានដឹកចេញដោយមិនមានការរាំងស្ទះឡើយ។

ទោះបីជាតំណាងសហគមន៍អ្នកដាំបន្លែនៅភូមិកូនសត្វអះអាងថា ការលក់បន្លែនៅក្នុងសហគមន៍មានភាពល្អប្រសើរក៏ដោយ តែនៅក្នុងសហគមន៍ដាំបន្លែមួយនៅឃុំទូកមាសខាងលិច ស្ថិតក្នុងស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងកាលពីសប្តាហ៍មុនថា ការនាំបន្លែទៅកាន់ខេត្តព្រះសីហនុមានការធ្លាក់ចុះ បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩មក ៕

ដកស្រង់ពី៖ កោះសន្តិភាព