Social Network

ណ្ឌិត​កសិកម្ម​ផ្ដល់​វិធានការ ៦ ចំណុច​ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដោយសារ​កូ​វី​ដ​-១៩

រាជធានីភ្នំពេញ ៖ ដោយសារតែជំងឺកូវីដ-១៩ ឆ្លងនៅលើពិភពលោក និងប្រទេសកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោក និងកម្ពុជាបានព្យាករណ៍ថា នឹងមានការធ្លាក់ចុះ ជាក់ស្ដែង កម្ពុជាត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាង ២ទសវត្សរ៍នេះ ។

ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចកាន់តែខ្លាំងដោយសារតែកូវីដ-១៩ បណ្ឌិត កសិកម្មមួយរូប គឺលោក យ៉ង សាំងកុមារ បានផ្ដល់ជាវិធានការ ៦ ចំណុចដល់រាជរដ្ឋាភិ បាល និងប្រជាពលរដ្ឋក្នុងការអនុវត្តន៍ ដើម្បីរក្សាលំនឹង និងកម្រិតជីវភាពប្រជាពលរដ្ឋផង ដែរ ។ ចំណុចទាំង ៦ នោះរួមមាន ៖

ទី ១ បង្កើនការផលិតក្នុងស្រុក រឹតបន្តឹងការនាំចូលនូវ អ្វីដែលកម្ពុជាអាចផលិតបាន និងជំរុញការទិញ ព្រមទាំង ប្រើប្រាស់របស់ក្នុងស្រុក ។

ទី ២ គាំទ្រការធ្វើពាណិជ្ជកម្មក្នុងស្រុកពីតំបន់សម្បូរផលិតផលទៅតំបន់ខ្វះផលិតផលរួមទាំងការសម្រួលការដឹកជញ្ជូន និងលុបបំបាត់កុងត្រូលតាមផ្លូវ ។

ទី ៣ គាំទ្រដល់សកម្មភាពទេស ចរណ៍ក្នុងស្រុក ។

ទី ៤ បង្កើនទុនកម្ចីការប្រាក់ទាប និងរយ:ពេលសងយូរដល់កសិករ សិប្បករ ពាណិជ្ជករ សេវាករ និងម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ។

ទី ៥ គាំទ្រដល់ធនា គារ ដើម្បីសម្រួលការសងរំលស់របស់អតិថិជនជាពិសេសតាមរយ:ការកាត់បន្ថយទុនបំរុង ដែលត្រូវយកទៅតំកល់នៅធនាគាជាតិ និងការផ្តល់ប្រាក់កម្ចីដល់ធនាគារឯកជន និងស្ថា ប័នហរិញ្ញវត្ថុ

និងវិធានការទី ៦ ការឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារ និងប្រាក់ ចំណូលក្នុងបរិមាណ និងពេលវេលាកំណត់មួយដែលការឧបត្ថម្ភនេះសម្រាប់ទាំងអ្នកនៅ ក្នុង និងក្រៅប្រព័ន្ធ ។

លោកនិយាយថា វិធានការទាំង ៦ នេះនឹងអាចជួយឱ្យកសិករ សិប្បករ ពាណិជ្ជករ សេវាករ និងប្រជាប្រជាពលរដ្ឋមានសាច់ប្រាក់នៅដៃច្រើនដែលជួយឱ្យចរន្តឈាមសេដ្ឋ កិច្ចដំណើរការបានល្អ ។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការ និងចំណាត់ការមួយ ចំនួនផងដែរ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលបាន ប្រកាសរួចហើយឱ្យប្រជាពលរដ្ឋដែល បាត់បង់ការងារ ងាកទៅរកវិស័យកសិកម្មឡើងវិញ ដូចជាដាំបន្លែ និងចិញ្ចឹមសត្វមាន់ទារ ជ្រូក ជាដើម ដើម្បីយកផលិតផលទាំងនោះទៅផ្គត់ផ្គង់លើទីផ្សារខណៈពេលដែលរាជរដ្ឋា ភិបាលក៏បានប្រកាសកាត់បន្ថយផងដែរនៅការនាំចូលពីបរទេស ។

យោងតាម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានកសិកម្ម បានឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើរួចហើយនៅការកាត់បន្ថយការ នាំចូលជ្រូករស់ពីប្រទេសក្រៅ ដោយទុកឱកាសឱ្យពលរដ្ឋក្នុងមានលទ្ធភាពក្នុងការផ្គត់ផ្គង់ លើទីផ្សារ ។

ក្រៅពីជ្រូកអគ្គនាយកដ្ឋាននេះក៏បានប្រកាសផងដែរ ពីការកាត់បន្ថយការនាំ ចូលមាន់ពីប្រទេសជិតខាង ដើម្បីលើកកម្ពស់តម្លៃមាន់របស់ពលរដ្ឋកម្ពុជាដែលមានការ ផ្គត់ផ្គង់លើសតម្រូវការ ។

សម្រាប់ចំណុចផ្សេងទៀតដែលបណ្ឌិតកសិកម្ម លោក យ៉ង សាំងកុមារ បានផ្ដល់ ជាទស្សនៈ ដូចជាការគាំទ្រឱ្យធនាគារសម្រួលដល់ការសង និងបន្តផ្ដល់ឥណទាន គឺរដ្ឋាភិ បាលបាននិងកំពុងធ្វើរួចហើយផងដែរ ជាក់ស្ដែងធនាគារបានប្រកាសម្ដងជាពីរដងដល់ បណ្ដាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវសម្រួលដល់កូនបំណុលខ្លួន និងបន្តផ្ដល់ ឥណទានទៅអាជីវកម្មដែលមានអាទិភាព ។

ដោយឡែកចំណុចទី ៦ ដែលចង់ឱ្យរដ្ឋាភិបាលឧបត្ថម្ភដល់អ្នកដែលបាត់បង់ការ ងារនោះ ក៏រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារក៏បាននិងកំពុងធ្វើផងដែរ ដោយប្រកាស ដល់បណ្ដាបុគ្គលិកនិយោជិតតាមរោងចក្រ និងក្រុមហ៊ុនដែលត្រូវបានព្យួរការងារក្នុង កំឡុងពេលកូវីដ-១៩ បើកប្រាក់ឧបត្ថម្ភតាមរយៈធនាគារឯកទេសវីង តែប្រាក់ឧបត្ថម្ភនោះ គឺបានតែមួយចំនួនប៉ុណ្ណោះមិនបានពេញលេញដូចនៅពេលពួកគេធ្វើការឡើយ ។

គួរបញ្ជាក់ថាកាលពីចុងខែឧសភា ឆ្នាំ ២០២០កន្លងទៅនេះ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ដល់ទៅ ២,៩ភាគរយ ក្នុងកម្រិតទាបបំផុត ដោយសារតែវិស័យដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានដាំក្បាលចុះ ព្រោះតែ ជំងឺកូវីដ-១៩ រាលដាលខ្លាំងដូចជាទេសចរណ៍ ការនាំចេញ និងវិស័យសំណង់ ។

ធនាគារ នេះក៏បានព្យាករណ៍ថា អត្រានៃភាពក្រីក្ររបស់កម្ពុជានឹងកើនឡើងដល់ ១១ភាគរយវិញ នៅឆ្នាំ ២០២០នេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព