Social Network

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្រ្ដាលី នឹងចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងឧត្តម្មានុវត្តន៍ អំពីវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបជំងឺ រាតត្បាតជាសកល។

រដ្ឋមន្រ្តីការបរទេសទាំងអស់ ក៏នឹងពិភាក្សាអំពីវិធីសាស្រ្តនានាដើម្បីពង្រឹងបន្ថែមទៀតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួមគ្នា ជាពិសេស កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងគ្រោះអាសន្នសុខភាពសាធារណៈ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

នេះបើតាមសេចក្តីប្រកាស។ ក្រសួងការបរទេស បានបញ្ជាក់ទៀតថា៖ កិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូនេះ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីសំខាន់មួយទៀតក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ប្រទេសអូស្រ្តាលី

ដើម្បីរៀបចំទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន៕

ដកស្រង់ពី៖ Fresh News