Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូ​វី​ដ​១៩ ប្រែក្លាយ​ជីវិត​អ្នក​មគ្គុទ្ទេសក៍ ងាក​ទៅ​ធ្វើ​ចំការ ដាំ​បន្លែ និង​ធ្វើ​កម្មករ​សំណង់​ក្រោយ​បាត់បង់​កម្រៃ​ច្រើន​ខែ

  • Print

ខេត្តសៀមរាប ៖ រយៈពេល៦ខែហើយដែលលោក សុវណ្ណា ដែលធ្វើការជាអ្នកមគ្គុទ្ទេសក៍នៅខេត្តសៀមរាបបាត់បង់ប្រាក់ចំណូលទាំងស្រុងពីអាជីពមួយដែលលោកបានប្រឡូករយៈពេលជាង ២០ឆ្នាំមកហើយ ។

លោក សុវណ្ណាបានពោលទាំងតឹងទ្រូងថា «ពីរបីខែដំបូងអំឡុងពេលមានវិបត្តិកូវីដ១៩ គឺពុំមានការងារធ្វើទេ ពេលនោះគឺបន់ឲ្យវិបត្តិនេះសាបសូន្យទៅយ៉ាងឆាប់រហ័ស ប៉ុន្តែពីមួយខែទៅមួយខែខ្ញុំនឹកស្មានមិនដល់នោះទេ ពេលនេះគឺរយៈពេល៦ខែពេញដែលអត់មានចំណូលផ្គត់ផ្គង់គ្រួសារ ហើយត្រូវបង់ថ្លៃទឹកភ្លើង និងម្ហូបអាហារទៀតផង។

ខ្ញុំទន្ទឹងឲ្យវាទៅបាត់ឆាប់ៗ តែមើលទៅពិបាកណាស់ថា វិបត្តិកូវីដ១៩នេះនឹងសាបរលត់ឆាប់ៗនោះ» ។

ដោយសារតែប្រឡូកការងារជាអ្នកមគ្គុទ្ទេសទេសចរណ៍ជាង ២០ឆ្នាំធ្វើឲ្យលោកស្គាល់មនុស្សច្រើន ហេតុដូច្នេះហើយ អំឡុងពេលរង់ចាំមើលស្ថានភាពធូរស្បើយរបស់កូវីដ ១៩ និងគ្មានការងារធ្វើផងនោះ គាត់បានសរសេរនូវបញ្ហាប្រឈមនៃការគ្មានចំណូលពីការងាររបស់លោកលើហ្វេសប៊ុករបស់គាត់ ទាក់ទងពីជីវិតវេទនាក្នុងអំឡុងកូវីដ១៩ ។

ក្រោយពេលបង្ហោះ គឺមានភ្ញៀវទេសចរដែលស្គាល់លោកបានជួយឧបត្ថម្ភដល់រូបលោកបានខ្លះៗដែរ។ ដោយយល់ឃើញថាការផុសបែបនេះមិនអាចជួយគាត់បាននោះទេ គឺត្រឹមដោះស្រាយបញ្ហាបាន ម្តងម្កាល់ ដែលពីមុនពេលមានកូវីដ គឺអាចរកចំណូលបានច្រើន តែជំងឺកូវីដ១៩ នៅតែអូសបន្លាយទើបអ្នកមគ្គុទ្ទេសក៍រូបនេះចាប់ផ្តើមមានគំនិតថ្មី ដោយព្យាយាមរកប្រាក់ចំណូលតាមរយៈការបង្កើតវីដេអូបង្ហោះតាមយូធូប (youtube) វិញម្តង។

បងសុវណ្ណា បាននិយាយថា «ខ្ញុំមិនមានការងារធ្វើជិត ៦ ខែ ហើយ ពេលមានកូវីដ១៩ភ្លាមៗ ខ្ញុំបានដើររកជំនួយបានទប់ពីរបីខែដែរ ប៉ុន្តែមើលទៅ វិបត្តិនេះនៅតែបន្តអូសបន្លាយ ហើយខ្ញុំក៏មិនអាចបន្តសុំជំនួយពីមិត្តភ័ក្ត្របានទៀតទេ។

ដូចនេះខ្ញុំចាប់ផ្តើមរកប្រាក់តាម យូធូប ហើយឥឡូវមានអ្នក ស៊ាប់ក្រាប (subscribe) ជិត ៤០០នាក់ ប៉ុន្តែយូធូបបានបញ្ជាក់ថា ទាល់តែមានអ្នក subscribe ១០០០នាក់ឡើងទៅទើបអាចរកចំណូលបាន ដូច្នេះរូបគាត់ផ្ទាល់កំពុងពើបប្រទៈបញ្ហាជីវភាពធ្ងន់ធ្ងរ ដោយ សារតែវិស័យទេសចរណ៍ហាក់មិនទាន់ស្រូបទាញបានទេសចរបរទេសមកកំសាន្តឡើងវិញបាន ។

រឿងរ៉ាវរបស់លោក សុវណ្ណា គឺជាផ្នែកមួយនៃផលប៉ះពាល់ធ្ងន់ធ្ងរវាយប្រហារលើបងប្អូនដែលធ្វើការរំពឹងប្រាក់ចំណូលប្រចាំថ្ងៃ ។ នៅកម្ពុជា គឺមានអ្នកមគ្គុទ្ទេសក៍ប្រមាណជាជាង ៥ ពាន់នាក់ ក្នុងនោះមាន ៩០ ភាគរយជាអ្នកធ្វើការឯកជនក្នុងខេត្តសៀមរាប ដែលពេលនេះម្នាក់ៗកំពុងរងគ្រោះបាត់បង់ចំណូលពីវិស័យទេសចរណ៍ ហើយងាកទៅធ្វើចំការ ឬដាំបន្លែ ទៅរកត្រី ឬធ្វើជាកម្មករសំណង់ ហើយខ្លះទៀតក៏បានចាប់ផ្តើមការធ្វើវីដេអូដាក់ក្នុងយូធូប ដូចលោក សុវណ្ណា ជាដើម ។

យោងតាមការលើកឡើង របស់ប្រធានសមាគមន៍អង្គរ ក្នុងខេត្តសៀមរាប បានប្រាប់សារព័ត៌មានកោះសន្តិភាពនៅថ្ងៃទី ២៩ ខែមិថុនា នេះ ថាមគ្គុទ្ទេសក៍មានជាង ៥ ពាន់នាក់ ក្នុងនោះ ៣ ពាន់នាក់ មានអាជ្ញាប័ណ្ណបណ្តុះបណ្តាលរកស៊ី ។

ក្នុងនោះ ៩០ ភាគរយ នៃអ្នកមគ្គុទ្ទេសក៍ គឺធ្វើការរកប្រាក់ចំណូលដោយខ្លួនឯង ខណៈអ្នកធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍គឺមានត្រឹមតែ ១០ ភាគរយ។

លោក ខៀវ ធី ជាអ្នកមគ្គុទ្ទេសក៍ និងជាប្រធានសហគមន៍មគ្គុទ្ទេសក៍អង្គរ បាននិយាយថា «អ្នកមគ្គុទ្ទេសក៍ទាំងអស់រកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរ ហើយបើមិនមាន (ភ្ញៀវទេសចរបរទេស) មានន័យថាអត់មានប្រាក់ចំណូល។

កំពុងអំឡុងពេលនេះ ពួកគាត់បានដើររកការងារធ្វើផ្សេងអស់ហើយ ដោយមិនអាចរង់ចាំបានតទៅទៀត »។

លោក ខៀវ ធី បានបន្តថា «អ្នកមគ្គុទ្ទេសក៍ គឺរកបានប្រាក់ចំណូលច្រើនតាមរយៈប្រាក់បន្ថែម ឬលុយធីប (ទឹកតែ) ហើយទៅតាមរដូវទៀត ។

អ្នកមគ្គុទ្ទេសក៍ខ្លះអាចមានប្រាក់ចំណូលយ៉ាងទាបបំផុតក៏ត្រឹម ៣០ ដុល្លារអាមេរិក ដែរក្នុងមួយថ្ងៃ នឹងអ្នកខ្លះអាចបានដល់ជិតមួយរយក្នុងមួយថ្ងៃ»។

ប្រធានសមាគមន៍រូបនេះបានបញ្ជាក់ដូចនេះថា បើទោះបីជាភ្ញៀវទេសចរ ភាគច្រើនជាជនជាតិចិនក្តី ប៉ុន្តែភ្ញៀវទេសចរទាំងនោះ មិនសូវជាផ្តល់ប្រាក់បន្ថែម ឱ្យអ្នកមគ្គុទ្ទេសក៍នោះទេ ។

ទេសចរជនជាតិចិនច្រើន (មានចំណូលចិត្ត) តែដើរទិញទំនិញ និងចូលភោជនីយដ្ឋាន អ៊ីចឹងអ្នកមគ្គុទ្ទេស អត់បានលុយធីបពីទេសចរចិន តែក៍អាចរកប្រាក់បន្ថែមបាន ដោយហាងទាំងនោះគិតជាភាគរយ ក្នុងការនាំភ្ញៀវចូលវិញ។

ហើយបើភ្ញៀវដែលផ្តល់ប្រាក់បន្ថែមបានច្រើន គឺច្រើនតែភ្ញៀវទេសចរបរទេសមកពីសហរដ្ឋអាមេរិក (ផ្តល់ទឹកតែឱ្យបានច្រើន)។

យោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២ នាក់ កើនឡើង ៧.២៤% ធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងមក។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១% និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤% ដោយក្នុងនោះ ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០% នៃទេសចរផ្ទៃក្នុងសរុប)។

ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

លោក ខៀវ ធី បានលើកឡើងថា «បើទោះជាមានសន្ទុះងើបឡើងបណ្តើរក្តី ប៉ុន្តែវាបានជួយទៅដល់ខាងផ្នែកសេវាកម្មផ្តល់ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន និងកន្លែងលក់ដូរផ្សេងៗ រីឯអ្នកមគ្គុទ្ទេសក៍ ហាក់បីដូចជាមិនសូវមានការប្រើប្រាស់សេវាកម្មមគ្គុទ្ទេសក៍ទេ។

ដូចគ្រប់គ្នាដឹងស្រាប់ហើយ បើទោះបីមានការធ្វើដំណើរកំសាន្តរបស់ប្រជាជនកម្ពុជាមែន តែពួកគាត់មិនប្រើសេវាកម្មមគ្គុទ្ទេសក៍ទេ»។ មគ្គុទ្ទេសក៍ទាំងអស់ក៏ចង់ទៅ រត់តុកតុក ផាស់អ៊ែប ឬម៉ូតូឌុបក៏មិនសូវបានដែរ ព្រោះអត់ភ្ញៀវដឹកដដែល ។

ភ្ញៀវក្នុងស្រុកយើងមិនសូវរកមធ្យោបាយទាំងអស់នេះទេ ព្រោះភាគច្រើនអ្នកក្នុងស្រុកគេមានមធ្យោបាយរបស់ពួកគេផ្ទាល់ខ្លួន ។

ងាកទៅលោក សុវណ្ណា វិញ វីដេអូរបស់គាត់ផលិតភាគច្រើន និយាយរៀបរាប់អំពីប្រាសាទនានា និងដំណើរកំសាន្តទៅកាន់រមណីយដ្ឋាននានាក្នុងទឹកដីខេត្តសៀមរាបអង្គរ ។

លោកសុវណ្ណា បានបន្តទៀតថា មុនមានវិបត្តិកូវីដ១៩ គាត់អាចរកប្រាក់បានដោយខែ ប៉ុន្តែជាធម្មតាគាត់អាចរកបានចាប់ពី ៣០០ ទៅ ៤០០ ដុល្លារអាមេរិក ក្នុងមួយខែដែរ តាមរដូវកាលមានតិចឬភ្ញៀវច្រើន៕

ដកស្រង់ពី៖ កោះសន្តិភាព