Social Network

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លុបឈ្មោះ ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការរង នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ បញ្ចប់ក្របខណ្ឌ ជាមន្ដ្រីកងយោធពល ខេមរភូមិន្ទហើយ ។

យោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ ចុះហត្ថលេខា ដោយ សម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី បានសម្រេចលុប ឈ្មោះ ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ អត្ដលេខ ០០៤៣២៦ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។

ព្រះរាជក្រឹត្យ ខាងលើនេះ ត្រូវបានគេ ឃើញបង្ហោះនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ដែលមានអាក់ ខោនឈ្មោះ អេង ឆៃ អ៊ាង ដែលគេស្គាល់ថា ជាអ្នកតំណាងរាស្ដ្រ  របស់គណបក្សសង្គ្រោះជាតិ ដែលបង្ហោះឡើង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ។

គេមិនបានដឹងមូលហេតុ និងរឿងរ៉ាវពិត នៃការស្នើសុំរបស់ នាយករដ្ឋមន្ដ្រី និង ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលុប ឈ្មោះលោក ឧត្ដមសេនីយ៍ឯក ខូវ សម្បត្ដិ ចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ ខាងលើនេះនោះឡើយ ។ ប៉ុន្ដែ គេគ្រាន់តែដឹងថា កន្លងមកលោក ឧត្ដមសេនីយ៍ ខូវ សម្បត្ដិ ក្រៅពីមាន មុខរបររកស៊ីធំដុំមួយ ចំនួននោះ លោកក៏មានតួនាទី ជាមេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ផងដែរ តែមួយរយៈ ចុងក្រោយនេះគេមិន បានដឹងថា តួនាទី និងមុខងារជាមេបញ្ជា ការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសនោះ ត្រូវបានផ្លាស់ប្ដូរ ឬមួយយ៉ាងណានោះទេ ស្រាប់តែគេឃើញ ព្រះរាជក្រិត្យចេញ លុបឈ្មោះ នៅពេលនេះតែម្ដង ។

ពាក់ព័ន្ធទៅនឹង ព្រះរាជក្រិត្យលុប ឈ្មោះចេញពីក្របខណ្ឌ កងទ័ពខាងលើនេះ  នៅរសៀលថ្ងៃទី២៦ ខែកញ្ញានេះ មិនអាចធ្វើការ សាកសួរព័ត៌មានឱ្យ  ដឹងជាផ្លូវការនៅឡើយនោះទេ ដោយមន្ដ្រី មួយចំនួន ពេលដែល ធ្វើការសាកសួរ បានតែត្រឹមអះអាងថា មិនបាន ដឹងរឿងតែប៉ុណ្ណោះ ៕

ដកស្រង់ពី៖ ដើមអម្ពិល