Social Network

ទេសរដ្ឋមន្រ្តី លី ធុជ៖ សហគមន៍ផ្តល់ជំនួយ បង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅ គ្មានមីនឆ្នាំ២០២៥

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សហគមន៍ផ្តល់ជំនួយ បានបង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

ការថ្លែងនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការ អញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សាធារណៈរដ្ឋកូរ៉េ (KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងការរៀបចំ ផែនការសកម្មភាពការងារឆ្នាំ២០២១ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ដែលបានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាព ពីការគម្រាមកំហែងដោយសារមីនបានប្រមាណ ២៤៥ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ១ លាននាក់។

លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន UNDP ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការ UNDP គឺជាដៃគូដ៏រឹងមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសម្ចាស់ជំនួយដទៃទៀត រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កាណាដា អាល្លឺម៉ង់ និងប្រទេសស្វីស ដែលបានផ្តល់នូវទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ដែលប្រទេសម្ចាស់ជំនួយទាំងនោះ បានបង្ហាញអំពីការតាំងចិត្ត និងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

លោក Nick Beresford តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំនៅកម្ពុជា បានអបអរសាទរចំពោះអាជ្ញាធរមីន ដែលបានអនុវត្តដោយជោគជ័យ នូវគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទំាងបីដំណាក់កាលកន្លងមក ហើយក៏បានបង្ហាញពីគាំទ្រយ៉ាងមុតមាំបន្តរួមគ្នាអនុវត្តគម្រោងសម្រាប់ដំណាក់កាលទី៤ ព្រមទាំងបានសម្តែងនូវការស្វាគមន៍ប្រទេសនូវែលសេឡង់ និងសាធារណៈរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកគាំទ្រគម្រោងដំណាក់កាលទី៤។

លោក Nick Beresford ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការងារប្រយុទ្ធប្រឆាំងនូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

តំណាងប្រទេសអូស្ត្រាលី លោក Ryan Tierney លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានសម្តែងនូវការគាំទ្រដំណើការនៃការអនុវត្តគម្រោង ហើយជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរមីន ក្នុងការអនុវត្តគម្រោង រហូតដល់ឆ្នាំ២០២៥ និងការសម្របសម្រួលពីដៃគូ UNDP គម្រោងបោសសម្អាតមីន ដំណាក់កាលទី៤ នឹងទទួលជោគជ័យតាមផែនការដែលបានឯកភាព។

អូស្ត្រាលីនឹងជួយគម្រោងសម្រាប់ដំណាក់កាលទី៤បន្តទៀត ទោះបីជាពិភពលោក កំពុងបង្វែរថវិកាមួយចំនួនប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ Covid-19 ក៏ដោយ។

តំណាងស្ថានទូតអូស្ត្រាលី ក៏បានថ្លៃងអំណរគុណដល់អាជ្ញាធរមីន និងមន្រ្តីអង្គភាពរៀបចំផែនការខេត្ត ដែលបានចុះសម្ភាសន៍ពលករ ដែលត្រឡប់មកពីប្រទេសថៃ ដោយសារកររីករាលដាលជំងឺ Covid-19។

លោក Elliott Kirton លេខាទី១ ស្ថានទូតប្រទេសនូវែលសេឡង់ ប្រចាំនៅប្រទេសថៃ ដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online បានសម្តែងនូវការពេញចិត្ត ចំពោះការចូលរួមថវិកាសម្រាប់បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤។

តំណាងស្ថានទូត សង្ឃឹមនឹងមានឱកាសចុះពិនិត្យ និងសិក្សាស្វែងយល់អំពីតម្រូវការចាំបាច់ ក្នុងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា នាថ្ងៃណាមួយបន្ទាប់ពីការរាតត្បាតជំងឺ Covid-19 ត្រូវបានបញ្ចប់។

លោក Rho Hyunjun នាយកប្រចាំប្រទេស នៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA នៅកម្ពុជា បានបញ្ជាក់ អំពីការចូលរួមជាមួយគម្រោងបោសសម្អាតមីន ដំណាក់កាលទី៤ ជាថវិកាប្រមាណ ១០លានដុល្លារ។

តំណាង KOICA បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំអាជ្ញាធរមីន ដែលបានបញ្ជូនមន្រ្តីជំនាញចូលរួម វគ្គបណ្តុះបណ្តាលរៀបចំដោយ KOICA ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសង្ឃឹមថា ការចូលរួមរបស់ ភ្នាក់ងារ KOICA នៃសាធារណៈរដ្ឋកូរ៉េ ក្នុងគម្រោងនេះ ចាប់ពីឆ្នាំ២០២១ នឹងជួយឲ្យកម្ពុជា សម្រេចនូវគោលដៅគ្មានមីន ផងដែរ។ អង្គប្រជុំបានឯកភាពគ្នាលើចំណុចធំៗ មួយចំនួនរួមមាន៖

* អាជ្ញាធរមីន និងUNDP រៀបចំសកម្មភាពឆ្លើយតបនឹងការពង្រឹងសមត្ថភាពជាតិ ដើម្បីបន្តគ្រប់គ្រងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បន្ទាប់ពីឆ្នាំ២០២៥។

* អនុញ្ញាតឲ្យអាជ្ញាធរមីន បន្តសកម្មភាពពង្រឹងប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោង ចាប់ពីឆ្នាំ២០២១ នេះតទៅ។

* គាំទ្រឲ្យមានទស្សនកិច្ចរួមគ្នា នៅខេត្តប៉ៃលិន ចុះពិនិត្យប្រតិបត្តិការបោសសម្អាតមីន និងការចុះសម្ភាសន៍អ្នកទទួលផលពីដីបោសសម្អាតមីនក្នុងគម្រោង។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារ សហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗចំនួនបី៖

ទី១៖ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម,

ទី២៖ គាំទ្រសកម្មភាពកិច្ច សង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣៖ ពង្រឹងសមត្ថភាពថ្នាក់ជាតិ៕

ដកស្រង់ពី៖ Fresh news