Social Network

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សន្យាចំពោះមុខរដ្ឋមន្ត្រីមុខងារសាធារណៈ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី សំដៅកសាងសហគមន៍ជោគវាសនារួម

(ភ្នំពេញ)៖ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនយ៉ាងរឹងមាំ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន។

មកដល់បច្ចុប្បន្ននេះ ទោះបីត្រូវប្រឈមនឹងវិបត្តិសកលនៃកូវីដ១៩ ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងនិងលើកកម្ពស់បន្ថែមទៀត សំដៅសម្រេចគោលដៅកសាង ឱ្យបានសហគមន៍ជោគ វាសនារួម ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងនូវការឯកភាពទាំងស្រុងលើ ការវាយតម្លៃរបស់ភាគីចិន ចំពោះសន្ទុះដ៏ខ្លាំងក្លានៃទំនាក់ទំនង សហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការទូត ដែលបានឈានដល់កម្រិតមួយថ្មីទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងត្រូវបានចុះហត្ថលេខា ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះផងដែរ ភាគីទាំងពីរក៏បានឯកភាពខ្ពស់ លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការ លើវិស័យមុខងារសាធារណៈ ពិសេសលើការកសាងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលជាមន្ត្រីរាជការបម្រើការងាររដ្ឋបាលសាធារណៈ។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន បានសន្យាថានឹងគាំទ្រ ពេញលេញដល់ការអនុវត្តនយោបាយ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ដើម្បីរួមចំណែកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ទៅវិញទៅមក សម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន៕

ដកស្រង់ពី៖ Fresh news