Social Network

ក្រសួងការពារជាតិ ផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រស្តីពី ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដល់នាយទាហានជាន់ខ្ពស់

(ភ្នំពេញ)៖ ដើម្បីលើកស្ទួយកម្រិតសមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំអង្គភាពទ័ព ក្រោមចំណុះក្រសួងការពារជាតិ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិ បានរៀបចំផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ស្តីពី ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។

ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមជានាយទាហាន នាយទាហានរង និងពលទាហាន ជាច្រើនដែលអញ្ជើញមកពីបណ្តាលអគ្គនាយក អគ្គនាយកដ្ឋានក្រសួងការពារជាតិយ៉ាងច្រើនផងដែរ។

ស្ថិតនៅក្នុងឱកាសនោះដែរ ខ្លឹមសារដំបូងមុននឹងចាប់ផ្តើមកម្មវិធី លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានលើកយកពាក្យ ៣ប្រយោគ គឺ អគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក អគ្គមគ្គុទេសក៏ និងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពពេញលេញ!។

លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រនេះ ដើម្បីធ្វើយ៉ាងឱ្យថ្នាក់ដឹកនាំនៅតាមនាយកដ្ឋានចំណុះក្រសួងការពារជាតិ ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងដឹកនាំនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឱ្យសាកសមនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបន្តថា ក្នុងនាមជាកងទ័ព ត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ បន្ថែមពីនេះ ត្រូវគោរពវិស័យ ភក្តីភាព អាកប្បកិរិយាល្អ សកម្មភាពក្នុងការងារ យកចំណេះដឹងដែលសាស្ត្រចារ្យ និងយោធាចារ្យទើបនឹងផ្តល់យកទៅបម្រើនៅតាមអង្គភាពឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់, ប្តេជ្ញាតស៊ូអត់ធ្មត់ ប្តូរផ្តាច់ការពារសន្តិភាព បូរណភាពទឹកដី ឱ្យបានគង់វង្ស និងឋិតថេរ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំនៅតាមបណ្តាលអង្គភាពនានា ត្រូវតែខិតខំសិក្សាក្រេបយកចំណេះដឹងនានាជាប្រចាំ ដើម្បីឱ្យសាកសមជាថ្នាក់ដឹកនាំគម្រូរបស់មន្ត្រីក្រោមឱវាទ។

ដូច្នេះការងារបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជាតម្រូវការចាំបាច់ របស់កងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចការអភិវឌ្ឍន៍ ទាហានបន្តវេន ដែលជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឱ្យប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលវែង។

លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបញ្ជាក់ថា ដូច្នេះ ការជំនៈការលំបាក ព្យាយាមអត់ធ្មត់ និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម គឺជាភាពចាំបាច់បំផុត ក្នុងនាមជាថ្នាក់ដឹកនាំ បន្ថែមពីនេះ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវតែដាក់ចក្ខុវិស័យឱ្យបានច្បាស់លាស់ ដើម្បីសម្រេចការងារដែលបានកំណត់ជាដើម៕

ដកស្រង់ពី៖ Fresh News