Social Network

ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស​អាច​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ​បើ​ខ្វះ​កិច្ច​គាំពារ​សង្គម

រាជធានីភ្នំពេញ ៖ ស្ថានភាពជំងឺកូវីដ១៩ នឹងធ្វើឲ្យពលករខ្មែរដែលវិលត្រឡប់ពីក្រៅមកស្រុកវិញអាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះដោយសារខ្វះខាតកិច្ចគាំពាសង្គម ។

នេះបើតាមប្រធានបេសកម្មអង្កការអន្តរជាតិស្តីពីទេសន្តរប្រវេសន៍ប្រចាំនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាពីគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ

លោកស្រី គ្រស្ទីន ផាកូ ប្រធានបេសកកម្មអង្គការអន្ដរជាតិស្តីពីទេសន្ដរប្រវេសន៍ប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដែលរីករាលដាល់ពេញសកលលោកនោះមានពលករខ្មែរ វិលត្រឡប់មកកម្ពុជាវិញអាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារ កង្វះខាតកិច្ចគាំពារសង្គម

ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង។

លោកស្រីបន្តថា ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ មានផលប៉ះពាល់ដោយមិនស្មើភាពគ្នាទៅដល់ប្រជាជនដែលសង្ឃឹមនឹងទទួលបានជីវិតកាន់តែប្រសើឡើង ហើយធ្វើការឆ្លងព្រំដែនដើម្បីទាញក្រុមគ្រួសាររបស់ពួកគេឲ្យចាកចេញពីភាពក្រីក្រដោយបង្ហាញឲ្យឃើញពីភាពងាយរងគ្រោះរបស់ពលករនៅក្នុងកំឡុងពេលលំបាកនេះ ។

លោកស្រីបានគូសបញ្ជាក់ ៖« នៅប្រទេសកម្ពុជាផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើ ឲ្យពលករទេសន្ដរប្រវេសន្ដជាង១០០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០ ។

នៅពេលត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញពលករដែលបានវិលត្រឡប់ទាំងនោះអាចកាន់តែប្រឈមនឹងភាពងាយរងគ្រោះជាងមុន ដោយសារតែកង្វះខាតកិច្ចគាំពារសង្គមការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង» ។

លោកស្រីបន្ថែមថា ដោយសាររដ្ឋាភិបាលជុំវិញពិភពលោកបានណែនាំការរឹតត្បិតការធ្វើដំណើរត្រូវបានអនុម័ត ដើម្បីធ្វើឲ្យមានភាពថយចុះនៃការចម្លងជំងឺកូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបំលាស់ទី និងទេសន្ដរប្រវេសន៍ ។

នៅពេលដែលប្រទេសជិតខាងប្រទេសកម្ពុជាចាប់ផ្ដើមបើកព្រំដែនឡើងវិញពេលនោះយើងឃើញការកើនឡើងនៃទេសន្ដរប្រវេសន៍ ជាពិសេសទៅកាន់ប្រទេសថៃ ។

តើយើងអាចជួយគាំទ្រដល់ពលករទេសន្ដប្រវេសន៍ទាំងនោះដោយ របៀបណា ដើម្បីធានាថា ដំណើរទេសន្ដប្រវេសន៍របស់ពួកគេ គឺស្របច្បាប់ និងស្របតាមតម្រូវការទទួល ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពលករ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ១៩ ជាង១០ម៉ឺននាក់ ។

សម្តេចបន្តថា ក្នុងដំណាក់កាលបច្ចុប្បន្នការធ្វើទេសន្តរប្រវេសន៍រឹតតែប្រឈមខ្លាំង ដោយហេតុថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ មិនតែប៉ុណ្ណោះ ប្រទេសមួយចំនួនបាន និងកំពុងតែកើនឡើងនូវចំនួនអ្នកឆ្លងថ្មីយ៉ាងច្រើនលើសលប់ រៀងរាល់ថ្ងៃ ។

សម្ដេចក្រឡាហោម បន្ដថា ស្ថានភាពនេះបានធ្វើឲ្យប្រទេសដែលទទួលពលករក៏ប្រឈមខ្លាំងទៅនឹងភាពប្រែប្រួលជាអវិជ្ជមាននៃចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុក ដែលជំរុញឲ្យដំណើរការនៃរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់ ។

ជាមួយគ្នានោះដែរ សម្ដេច ស ខេង ក៏បានលើកឡើងថា ចំពោះឯវិធានការបិទព្រំដែន និងបិទការនាំចូលពលករបរទេសក៏នៅបន្តដែលជាហេតុធ្វើឲ្យពលករត្រូវធ្វើការសម្រេច ចិត្តឲ្យបានច្បាស់លាស់ថា តើគួរបន្តស្នាក់នៅក្នុងប្រទេសគោលដៅដោយមិនមានការងារប្រាក់ចំណូល ឬក៏ត្រូវត្រឡប់ភូមិស្រុកវិញ ដើម្បីជួបជុំគ្រួសារ? ។

សម្ដេចបានបញ្ជាក់បន្ថែមថា «គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ពីការធ្វើទេសន្តរប្រវេសន៍ក្នុងអំឡុងកូវីដ ១៩ មានប្រមាណ១០ម៉ឺន៣ពាន់នាក់ និងស្ត្រីប្រមាណ ៤៥ភាគរយ ។

យើងបាន និងកំពុងទទួលសង្គ្រោះពលករដែលវិលត្រឡប់មកវិញ ដោយគេចវេសពីស្ថានភាពលំបាក ក្នុងប្រទេសគោលដៅ និងព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការក្នុងអំឡុងពេលដែលប្រទេសគោលដៅបាន និងកំពុងរឹតបន្តឹង និងបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងទៅមក នូវជំងឺកូវីដ-១៩» ។

សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពបែបនេះនឹងមិនអាចបញ្ចប់ដោយងាយៗនោះទេ ហើយក៏អាចអូសបន្លាយបន្តទៀត ក្នុងរយៈពេលវែង ហេតុនេះកិច្ចការពារពលករទាំងនៅក្នុងប្រទេសទាំងនៅក្នុងប្រទេសគោលដៅ គឺជាភារកិច្ចចាំបាច់ដែលគប្បីត្រូវយកចិត្តទុកដាក់ ៕

ដកស្រង់ពី៖ កោះសន្តិភាព